បណ្តាញសង្គម

ឥឡូវនេះមាន​លោក ឌូតឺតេ ក្លែងក្លាយ​បង្ហាញខ្លួន​ម្នាក់ទៀត ជាមួយលោក គីម ជុងអ៊ុន ក្លែងបន្លំនៅ​ទីក្រុង​ហុងកុង...

 (ហុងកុង)៖ បុរសពីរនាក់ បានបង្កភាពភ្ញាក់ផ្អើលឈូឆរ នៅទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈការតុបតែងខ្លួន ដូចមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

បុរសម្នាក់ ដែលជាតារាសម្តែងវ័យ ៥៤ឆ្នាំមកពីប្រទេសហ្វីលីពីន និងត្រូវគេស្គាល់ដោយឈ្មោះថា Cresencio Extreme បានបង្កភាពភ្ញាក់ផ្អើល ក៏ដូចជាភ័ន្តច្រឡំជាខ្លាំង នៅពេលលោកបានបង្ហាញខ្លួន នៅតាមទីសាធារណៈ ដែលមានមនុស្សជួបជុំអ៊ូរអរ និងនៅកន្លែងហាង លក់អាហារទាន់ចិត្ត ព្រមទាំងព្រះវិហារគ្រិស្តជាដើម។

ដោយឡែក អ្នកអមដំណើរជាមួយគ្នាដែរ គឺបុរសម្នាក់ទៀតឈ្មោះ Howard X ដែលតែងខ្លួនដូចលោក គីម ជុងអ៊ុន និងជាអ្នករស់នៅ ទីក្រុងហុងកុងផ្ទាល់។

គួរជម្រាបថា ទីក្រុងហុងកុង មានជនជាតិហ្វីលីពីន រស់នៅប្រមាណ ២០០,០០០នាក់ ដោយភាគច្រើនជាស្រ្តី ដែលបម្រើការងារតាមផ្ទះ។ បច្ចុប្បន្នបុគ្គលមួយចំនួន បានឆ្លៀតច្បាមយកភាពល្បីល្បាញរៀងៗខ្លួន តាមរយៈមុខមាត់ពួកគេ ដែលស្រដៀងមេដឹកនាំ ពិភពលោកល្បីៗ ក្នុងនោះមានអ្នកមុខដូច លោក គីម ជុងអ៊ុន, លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី កាណាដា លោក ចាស្ទីន ទ្រូដូ ជាដើម៕

ដកស្រង់ពី៖ Fresh News