បណ្តាញសង្គម

ប្រទេសកូរ៉េខាងត្បូង ត្រូវចំណាយ US$924 លានដុល្លារអាមេរិក ដើម្បីទទួលកងទាហានអាមេរិក ក្នុងឆ្នាំ 2019

ប្រទេសកូរ៉េខាងត្បូង បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានយល់ព្រមដើម្បីតម្លើងចំណាយរបស់ខ្លួន ក្នុងការរក្សាកងទាហានសហរដ្ឋអាមេរិក លើទឹកដីរបស់ខ្លួន ដើម្បីដោះស្រាយជម្លោះជាមួយសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន មុនពេលកិច្ចប្រជុំកំពូលលើកទី២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ប្រទេសទាំងពីរ ធ្លាប់បាននៅក្នុងសម្ព័ន្ធមិត្តសន្តិសុខចាប់តាំងពីសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០-៥៣ ដែលបានបញ្ចប់ដោយបទឈប់បាញ់ ជាជាងសន្តិសញ្ញាសន្តិភាព-ដោយមានកងទាហានអាមេរិក ចំនួនច្រើនជាង២៨.០០០នាក់ បោះទីតាំងក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការពារការគម្រាមកំហែងនានាពីរដ្ឋធានីព្យុងយ៉ាង។

ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានត្អូញត្អែរដដែលជាដដែលអំពីចំណាយនៃការរក្សាកងកម្លាំងអាមេរិកលើឧបទ្វីបនេះដោយរដ្ឋធានីវ៉ាស៊ិនតោន បានស្នើសុំរដ្ឋធានីសេអ៊ូលដដែលៗឲ្យតម្លើងការរួមចំណែកទ្វេរជាពីរដង ចំពោះតម្លៃចំណាយនេះ។

ការចរចារ បានបញ្ចប់ជាមួយក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងថា រដ្ឋធានីសេអ៊ូល នឹងចំណាយប្រហែល ៩២៤លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ត្រូវនឹង៨.២ភាគរយ ច្រើនជាងអ្វីដែលខ្លួនបានផ្តល់ក្រោមកាតិកាសញ្ញារយះពេល៥ឆ្នាំមុន ដែលបានផុតកំណត់ នាចុងឆ្នាំមុន។

ក្រសួង បានថ្លែងថា បើទោះជាសហរដ្ឋអាមេរិក បានទាមទារ “ការបង្កើនដ៏ធំសំបើម” ក្នុងការចំណាយក៏ដោយ ក៏ពួកគេ អាចមានលទ្ធភាពឈានទៅដល់កិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងពី “ស្ថានភាពសន្តិសុខនៃឧបទ្វីបកូរ៉េ” ។