បណ្តាញសង្គម

ប្រមុខការពារជាតិវេណេស៊ុយអេឡា៖ «គ្មាន​ទណ្ឌកម្មណា​មួយ​អាចធ្វើ​ឲ្យខូច សេចក្តី​ថ្លៃថ្នូររបស់ជាតិ​មួយនេះ​ឡើយ»

(ការ៉ាកាស់)៖ ប្រមុខការពារជាតិ វេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ផាឌ្រីណូ ឡូប៉ែស (Vladimir Padrino Lopez) បាននិយាយថា គ្មានឡើយទណ្ឌណាមួយ ដែលនឹងធ្វើឲ្យរលុប ឬខូចខាតសេចក្តីថ្លៃថ្នូរជាតិមួយនេះ ទៅថ្ងៃអនាគត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ការថ្លែងរបស់ រដ្ឋមន្ត្រីការពារជាតិ វេណេស៊ុយអេឡាខាងលើនេះ បានធ្វើឡើងនាឱកាស ដែលប្រទេសអាមេរិកឡាទីនមួយនេះ  កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមក ចំពោះមុខការតវ៉ា ពីក្រុមប្រឆាំងក្នុងប្រទេស  ដែលគាំទ្រដោយ សហរដ្ឋអាមេរិក។

លោក ឡូប៉ែស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបាននិយាយហើយថា យើងនឹងនៅតែស្ថិត នៅលើទឹកដីកំណើតរបស់យើងនេះ  ជាមួយនិងទណ្ឌកម្មទាំងឡាយ...»។

ដោយឡែក លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ វិញក៏បានបញ្ជាក់ កាលពីថ្ងៃចន្ទផងដែរថា លោកនឹងធ្វើការវិនិយោគ លើវិស័យការពារជាតិ  ដើម្បីឲ្យយោធា និងក្រុមអ្នកប្រយុទ្ធវេណេស៊ុយអេឡា មានអាវុធទំនើបៗ ប្រើប្រាស់ដើម្បីការពារសន្តិភាព  ដោយលោកចង់សំដៅទៅលើ ការទប់ទល់នឹងការគំរាមកំហែង ពីសហរដ្ឋអាមេរិក ដែលចង់ប្រើប្រាស់យោធា ដើម្បីដោះស្រាយគ្រោះទុរភិក្ស  នៅប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមការដាក់ទណ្ឌកម្ មជាបន្តបន្ទាប់ លើមន្ត្រីរដ្ឋាភិបាលសំខាន់ៗ  និងក្រុមហ៊ុនរដ្ឋធំៗ នៅវេណេស៊ុយអេឡា ចាប់តាំងពីចុងឆ្នាំ២០១៨ រហូតមកដល់ដើមឆ្នាំ២០១៩ នេះ។

សហរដ្ឋអាមេរិក បានចាត់ទុករដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ថាមិនស្របច្បាប់ ដែលគួរតែត្រូវផ្ទេរអំណាច ទៅឲ្យមេបក្សប្រឆាំងវិញ គឺលោក ជូអាន ហ្គៃដូ ខណៈបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានអំពាវនាវឲ្យលោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ  ដើម្បីឲ្យគ្រប់គ្នា អាចទទួលយកបាន៕

ដកស្រង់ពី៖ Fresh News