បណ្តាញសង្គម

ប្រធានាធិបតី​ កូ​ស្តា​រី​កា ​ហាម​ប្រើ​ឈ្មោះ​ខ្លួន​ ទៅ​ដាក់​ជា​ឈ្មោះ​ ស្ពាន ផ្លូវ និង​អាគារ​នានា

កូស្តារីកាទីភ្នាក់ងារ ព័ត៌មានបារាំង AFP បានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតី កូស្តារីកា លោក Luis Guillermo Solis មិនចង់ឲ្យគេ យកឈ្មោះរបស់លោក ទៅដាក់ជាឈ្មោះ នៅកន្លែងសាធារណដូចជា ស្ពាន ផ្លូវថ្នល់ និងអាគាររដ្ឋ ឡើយ។ លោក ក៏មិនចង់ឲ្យគេ ដាក់តាំងរូបថតរបស់លោក នៅតាមការិយាល័យធ្វើការ របស់រដ្ឋនោះដែរ។

នៅក្នុងក្រឹត្យមួយ ដែលចុះហត្ថលេខា កាលពីថ្ងៃពុធកន្លងមក លោកប្រធានាធិបតី បានសម្រេច ហាមឃាត់ចំពោះ ការប្រើឈ្មោះរបស់ លោកដើម្បី ដាក់លើស្ពាន ផ្លូវ ឬក៏អាគាររដ្ឋនានា ដូចអ្វីដែលប្រទេស នៅតំបន់អាមេរិកកណ្តាលមួយនេះ មានទម្លាប់ធ្វើ កន្លងមក។

បើយោងតាម ការដកស្រង់សម្តីរបស់ AFP លោក Solis បានលើកឡើងថា៖ «ការងារគឺកើតចេញ ពីជាតិទាំងមូល មិនមែនពីរដ្ឋាភិបាល ឬក៏មន្ត្រីសំខាន់ ណាមួយនោះឡើយ»។ លោក បានហាមឃាត់ផងដែរ ចំពោះការដាក់តាំងរូបលោក នៅតាមស្ថាប័ននានារបស់ រដ្ឋាភិបាល។

លោក Solis វ័យ៥៦ឆ្នាំ នៃគណបក្ស Citizens' Action Party បានក្លាយជាប្រធានាធិបតីកូស្តារីកា ចាប់តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤មក៕


ប្រភព៖ គេហទំព័រថ្មី