បណ្តាញសង្គម

សមាជិក​សភា​អឺរ៉ុបមួយ​ក្រុម «ត្រូវបណ្តេញ​ចេញពីទឹកដីវេណេស៊ុយអេឡា» ដោយរងការ​ចោទប្រកាន់ថា ពួកគេមានផែនការប្រឆាំង​លោក ម៉ាឌូរ៉ូ

(ការ៉ាកាស់)៖ សមាជិកសភាអឺរ៉ុបមួយក្រុម បានឱ្យដឹងថា ពួកគេត្រូវបានបណ្ដេញពី ប្រទេសវេណេស៊ុយអេឡា  នៅពេលធ្វើដំណើរ មកដល់ភ្លាមៗ ប៉ុន្តែខាងរដ្ឋាភិបាល ទីក្រុងការ៉ាកាស់ បានអះអាងថា ការបណ្ដេញចេញនេះ ធ្វើឡើង ដោយសារតែ សមាជិកសភាអឺរ៉ុបទាំងនេះកំពុង រៀបចំផែនការ ប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គម Twitter សមាជិកសភាអឺរ៉ុបលោក ហ្គនហ្សឡេស ផនស៍ (Gonzalez Pons) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លិខិតឆ្លងដែន របស់ពួកយើង ត្រូវដកហូត ហើយពួកយើង ត្រូវបានគេបណ្ដេញចេញពី វេណេស៊ុយអេឡា។នេះគឺជាសកម្មភាពដ៏អាក្រក់ និងជាភស្តុតាងបង្ហាញថា លោក ម៉ាឌ៉រូ មិនចង់ឱ្យពួកយើង ស្ថិតនៅទីនេះឡើយ»។

តែជាការឆ្លើយតប ការលើកឡើងខាងលើនេះ រដ្ឋមន្ត្រីការបរទេស វេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានអះអាងថា សម្រេចចិត្តបែបនេះ ដើម្បីទប់ស្កាត់ភាពចលាចល នៅក្នុងស្រុក ព្រោះក្រុមសមាជិកសភាអឺរ៉ុប  មានផែនការ ប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។

លោក Arreaza បានបញ្ជាក់បន្ថែមទៀតថា «អាជ្ញាធរវេណេស៊ុយអេឡា ទទួលបានដំណឹងនេះ  អស់រយៈពេល ជាច្រើនថ្ងៃមកហើយ ពាក់ព័ន្ធនឹងនឹងសមាជិកសភាអឺរ៉ុបមួយក្រុម  ដែលមានបំណង បំពេញទស្សនកិច្ចមកកាន់វេណេស៊ុយអេឡា ដើម្បីរៀបចំគម្រោង ប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងការ៉ាកាស់... នេះគឺជាទង្វើ មិនអាចទទួលយកបានជាដាច់ខាត»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហភាពអឺរ៉ុប មិនទាន់ប្រកាស ទទួលស្គាល់លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីវេណេស៊ុយអេឡាឡើយ ខណៈបណ្ដាប្រទេសជាសមាជិកមួយចំនួន នៅតែបន្តខ្វែងគំនិតលើបញ្ហានេះ ដោយក្នុងនោះអ៊ីតាលី អ៊ែកឡង់ ក្រិក និងស្លូវ៉ាគី បានបដិសេធទទួលស្គាល់ មេបក្សប្រឆាំងរូបនេះ ដែលប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទី  និងទទួលការគាំទ្រពី អាមេរិកនោះ៕

ដកស្រង់ពី៖ Fresh News