បណ្តាញសង្គម

កងទ័ពអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធ ដោយហាត់វាយប្រហារ នៅជិតសមុទ្រចិនខាងត្បូង

ហ្វីលីពីន៖ កងទ័ពអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នា កាលពីថ្ងៃចន្ទ នៅជិតសមុទ្រចិនខាងត្បូង ជាទីដែល រដ្ឋាភិបាល ក្រុងម៉ានីល មានជម្លោះទឹកដី ជាមួយចិន។ កងទ័ពម៉ារីនអាមេរិក និងហ្វីលីពីនជាង ២០០នាក់ បានហ្វឹកហាត់ ដោយធ្វើជាការ វាយប្រហារដូចពិតៗ ទៅលើខ្សែត្រៀម ឆ្នេរសមុទ្ររបស់សត្រូវ ដែលស្ថិតនៅជិត ប្រជុំកោះ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះនេះ។

ក្នុងការហ្វឹងកហាត់នេះ រថយក្រោះជាច្រើនគ្រឿង បានចាកចេញពី នាវាចម្បាំង អាមេរិកមួយគ្រឿង ដែលបានបោះយុថ្កា ចតនៅឯនាយខេត្ត Zambales ភាគពាយព្យ នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបាន បើកហាត់វាយប្រហារ ទៅលើឆ្នេរសមុទ្រ ដែលចាត់ទុកថា មានកងទ័ព សត្រូវស្ថិតនៅទីនោះ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពម៉ារីនអាមេរិក និងហ្វីលីពីន ដែលប្រដាប់ ដោយអាវុធទំនើបគ្រប់ដៃនោះ បានហាត់បាញ់ប្រហាររួមគ្នា ទៅលើទីតាំងលើដីគោក នៅជិតឆ្នេរសមុទ្រនោះ អស់រយៈពេល ជិតមួយម៉ោង។

សមយុទ្ធយោធានេះ គឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិហ្វឹកហាត់ និងត្រៀមការពារ ដែលត្រូវបានធ្វើរាល់ឆ្នាំ ដែលសហរដ្ឋអាមេរិក ធ្វើឡើង ដោយទ្វេភាគីជាមួយ បណ្តាប្រទេស ជាសម្ព័ន្ធមិត្តនៅអាស៊ី ដោយរួមទាំងហ្វីលីពីន ដើម្បីពង្រឹងសមត្ថភាព ក្នុងការការពារ សន្តិសុខដែនសមុទ្រ។ កងទ័ព អាមេរិក និងកងទ័ពហ្វីលីពីន សរុបជិត ១.០០០នាក់ និង នាវាចម្បាំង ចំនួន៥ គ្រឿង ដោយរួមទាំង នាវាផ្ទុកមីស៊ីល អាមេរិកមួយគ្រឿង បានចូលរួមសមយុទ្ធ យោធារួមគ្នា រយៈពេល ១មួយសប្តាហ៍នេះ ដែលបានចាប់ផ្តើម កាលពីសប្តាហ៍មុន៕