បណ្តាញសង្គម

ទស្សនៈជុំវិញ ការប្រារព្ធខួប នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក

ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា ប្រារព្ធខួប នៃការដាក់ប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលពិធីនេះធ្វើឡើង នៅប្រាសាទព្រះវិហារ។

ក្រុមអ្នកឃ្លាំមើល ព្រឹត្តិការណ៍សង្គម បង្ហាញទស្សនៈខុសៗគ្នា ចំពោះការថ្ងៃទី៧ខែកក្កដា នេះធ្វើជាព្រឹត្តិការណ៍ធំ ខណៈថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលតុលាការយុត្តិធម៌ កាត់ក្តីឲ្យកម្ពុជាឈ្នះថៃនោះ មិនត្រូវបានរដ្ឋាភិបាល រំលឹកព្រឹត្តិការណ៍នេះធំដុំទេ។ ករណីនេះ អ្នកស្រាវជ្រាវ ពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការដែលរដ្ឋាភិបាល បច្ចុប្បន្ន យកថ្ងៃ៧កក្កដានេះ ជាថ្ងៃប្រារព្ធខួបនោះ គឺជាការកេងចំណេញនយោបាយ ហើយចង់បំភ្លេចថ្ងៃ១៥មិថុនា ដែលជាថ្ងៃជ័យជម្នះ របស់អ្នកដឹកនាំខ្មែរជំនាន់មុន។ លោកបញ្ជាក់ថា ប្រសិនបើគ្មានថ្ងៃទី១៥មិថុនាទេ ក៏មិនអាចមានថ្ងៃ០៧កក្កដាដែរ។

អ្នកវិភាគព្រឹត្តិការណ៍ សង្គមលោក អ៊ូ វីរៈ មានប្រសាសន៍ថា ថ្ងៃទី១៥មិថុនាឆ្នាំ១៩៦២ សំខាន់ជាងថ្ងៃទី០៧ កក្កដា ២០០៨។ ដោយឡែកសាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ការប្រារព្ធខួប នៅថ្ងៃនេះ គឺជារឿងល្អ ព្រោះថ្ងៃនេះជាថ្ងៃសំខាន់ ដែលប្រជាជន នៅលើពិភពលោក ជាពិសេសប្រជាជនថៃ ទទួលស្គាល់ថា ប្រាសាទព្រះវិហារ គឺជារបស់ខ្មែរ ហើយត្រូវបាន ដាក់ចូលជា សម្បត្តិបេតិកភណ្ឌ ពិភពលោក។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន ធ្លាប់ឲ្យVOD ដឹងថាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ មិនមាន ក្នុងពិធីបុណ្យជាតិនោះទេ ប៉ុន្តែលោកចាំបានថា ពិធីបុណ្យនេះ ធ្លាប់ប្រារព្ធធំម្តង កាលពីជំនាន់ សម្តេចព្រះនរោត្តម សីហនុ។ រដ្ឋាភិបាលកម្ពុជា បានរំលឹកព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៅថៃ្ងទី៧ ខែកក្កដានេះ តាំងពីឆ្នាំ២០០៨ ជាថ្ងៃអង្គការ UNESCO ចុះបញ្ជីប្រាសាទ ព្រះវិហារជាសម្បត្តិ បេតិកភណ្ឌពិភពលោក។

ប៉ុន្តែមួយសប្តាហ៍ ក្រោយមក រដ្ឋាភិបាលទីក្រុងបាងកក បានបញ្ជូនទាហានរបស់ខ្លួន មកកាន់តំបន់ប្រាសាទ ព្រះវិហារ ដើម្បីទាមទារគ្រប់គ្រង ដីទំហំ៤,៦ គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទនេះ ដែលនាំសំណុំរឿងក្តី ត្រូវបានបញ្ជូន ទៅតុលាការ យុត្តិធម៌អន្តរជាតិ ឡើងវិញ៕

ដកស្រង់ពី៖ VOD