បណ្តាញសង្គម

អ្នកនាំពាក្យ ស្ថានទូតវៀតណាម៖ ខ្ញុំមិនសុំទោស ហើយអ្នកតវ៉ា រំលោភច្បាប់កម្ពុជា និងអន្តរជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យ ស្ថានទូតវៀតណាម លោក ត្រឹង វ៉ានថុង (Trung Van Thong) ឆ្លើយតបនឹង ការតវ៉ារបស់ ប្រជាពលរដ្ឋខ្មែរនៅ ព្រឹកថ្ងៃអង្គារនេះថា លោក នឹងមិនសុំទោសតាមការ ទាមទារលើ ការថ្លែងរបស់លោកឡើយ ដោយចាត់ទុកការតវ៉ា ជាការរំលោភច្បាប់កម្ពុជា និងអន្តរជាតិ។

នៅព្រឹកថ្ងៃអង្គារនេះ អ្នកតវ៉ាបានប្រមូលផ្តុំ នៅមុខស្ថានទូតវៀតណាម ក្នុងបំណងទាមទារឲ្យ ប្រទេសនេះ សុំទោសចំពោះ ការដែល មន្ត្រីវៀតណាម អះអាងថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីអតីតកាល។ សមត្ថកិច្ចចម្រុះ និងអ្នកតវ៉ា បានប៉ះទង្គិចគ្នា  ដោយមាន ការបំបែកការតវ៉ា ការគប់ដំថ្ម រហូតធ្វើឲ្យ មនុស្សយ៉ាងតិច ១០នាក់រងរបួស។

លោក ត្រឹង វ៉ានថុង ប្រាប់សារព័ត៌មាន Shanghay Daily នៅថ្ងៃអង្គារនេះថា លោក មិនមានគម្រោងសុំទោស ចំពោះការថ្លែងរបស់ លោកឡើយ។ សារព័ត៌មានបានដកស្រង់ សម្តីរបស់លោក ត្រឹង វ៉ានថុង ថា«ខ្ញុំពុំ មានអ្វីសំទោសសម្រាប់ការ ថ្លែងរបស់ខ្ញុំទេ ពីព្រោះទឹកដី ផ្នែកខាងត្បូងវៀតណាម ជាកម្មសិទ្ធិ របស់វៀតណាម។ អ្នកតវ៉ាកំពុងតែ រំលោភច្បាប់កម្ពុជា និងអន្តរជាតិ»។ កាលពីដើមខែមិថុនា ឆ្នាំ២០១៤ អ្នកនាំពាក្យ ស្ថានទូតវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា លោកត្រឹង វ៉ានថុង បានអះអាងប្រាប់ អ្នកសារព័ត៌មានថា «បារាំងមិនបានកាត់ ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យវៀតណាមទេ តែកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារ ណាស់មកហើយ ព័ត៌មានបាត់បង់ទឹកដីគ្មាន អ្វីជាមូលដ្ឋាន ទេ គ្មានអ្វីជាភ័ស្តុតាងទេ»

អ្នកនាំ ពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃអង្គារនេះ អំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលបានចូលតវ៉ា នៅមុខស្ថានទូត វៀតណាម ប្រចាំកម្ពុជារឿងដី កម្ពុជាក្រោម កុំឲ្យមានអំពើហិង្សាណាមួយ កើតឡើង ដើម្បីរក្សាទំនាក់ទំនងល្អ ជាមួយ ប្រទេសវៀតណាម។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រសិនបើមើល ទៅលើទិដ្ឋភាព ច្បាប់អន្តរជាតិ មន្ត្រីរបស់ស្ថានទូតដែល បោះទីតាំងនៅកម្ពុជា មានសិទ្ធិបញ្ចេញមតិ របស់គេនៅលើ ទឹកដីកម្ពុជា។

លោកបន្តថាប្រជាពលរដ្ឋ មានសិទ្ធិ ក្នុងការសម្តែងរបស់គេ តទល់នឹង បញ្ហាអ្វីមួយ។ លោកអំពាវនាវ កុំឲ្យមានអំពើហិង្សា កើតឡើង និងឲ្យប្រជាពលរដ្ឋខ្មែរ រក្សាភាពថ្លៃថ្នូរ នៃប្រជាជាតិកម្ពុជា និងចូលរួមសហការ ជាមួយរដ្ឋាភិបាល ក្នុងការគោរពច្បាប់ជាតិ និងអន្តរជាតិ គឺតាមអ្វីដែលមានចែង ក្នុងគោលការណ៍ អាស៊ាន។

លោក ផៃ ស៊ីផាន បញ្ជាក់ថា«រាជរដ្ឋាភិបាល ដំណាក់កាលទី១ យើងផ្អាក រាល់សកម្មភាពណាដែល យើងយល់ឃើញថា ប៉ះពាល់ ដល់សណ្តាប់ធ្នាប់ ជាមួយនឹងការរំលោភ លើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលអាចបង្កនូវ ភាពហិង្សាណាមួយ។.... វិធានការទី២ នៅក្នុងជំហរ របស់រដ្ឋាភិបាល គឺយើងគោរព នូវអ្វីដែលចែងនៅក្នុងច្បាប់ អន្តរជាតិ យើងគោរព នូវអ្វីដែលជានិន្នា របស់អាស៊ានដែល ជាច្បាប់ក្នុងតំបន់»

ដកស្រង់ពី៖ VOD