បណ្តាញសង្គម

អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ៖ មនុស្សគ្រប់ៗរូប មានកាតព្វកិច្ចការពារកុមារ លើការរំលោភពបំពាន ការកេងប្រវ័ញ្ជ និងការប្រើអំពើហិង្សាលើកុមារ

(ភ្នំពេញ)៖ កម្ពុជាមានច្បាប់យន្តការ និងស្ថាប័នជាតិអន្តរជាតិជាច្រើន ក្នុងការការពារកុមារពីការប្រើប្រាស់អំពើហិង្សា ការកេងប្រវ័ញ្ជគ្រប់រូបភាព និងការបៀតបៀនផ្លូវភេទជាដើម។

ប៉ុន្តែ ត្រូវការនូវការចូលរួមពីមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូប ពោលមិនមែនទាល់តែស្ថាប័នមានសមត្ថកិច្ច និងក្រសួងស្ថាប័នរដ្ឋឡើយ ដែលមានកាតព្វកិច្ចការពារកុមារ។

នេះគឺជាការលើកឡើងរបស់លោកស្រី ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សារអប់រំស្តីពី ការការពារកុមារពីការរំលោភបំពាន និងបៀតបៀនផ្លូវភេទនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោកស្រី ញ៉េប សុភាព បានទទួលស្គាល់ថា ការរំលោភពបំពានលើកុមារ ដូចជា ការកេងប្រវ័ញ្ជ ការប្រើអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើកុមារ នៅក្នុងសង្គមខ្មែរ នៅតែកើតឡើងគួរឱ្យ កត់សម្គាល់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញផ្សព្វផ្សាយសារអប់រំ ៧ផ្ទាំង ដែលក្នុងនោះសារនោះ ក៏ព្រមានពីការទោសទណ្ឌ នៃការរំលោភបំពានលើកុមារផង ហើយមន្ត្រីជំនាញពន្យល់ថា មនុស្សគ្រប់រូបសុទ្ធតែមានកាតព្វកិច្ចការពារកុមារ គឺមិនមែនទាល់តែមន្ត្រីមានសមត្ថកិច្ចឡើយ។

យោងតាមរបាយការណ៍មួយ បានអះអាងថា ក្រៅពីអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្តអត្រា នៃការរំលោភបំពានផ្លូវភេទលើកុមារ មានលក្ខណៈគួរឱ្យកត់សម្គាល់។

កុមារីជាង៦ ភាគរយ និងកុមារា ៥ ភាគរយ អាយុចន្លោះពី១៣ឆ្នាំ ទៅ១៧ឆ្នាំ បានរាយការណ៍ថា យ៉ាងហោចណាស់ធ្លាប់ជួបប្រទះការរំលោភបំពានផ្លូវភេទកាលពីកុមារភាពម្តងដែរ។

បន្ទាប់ពីការជជែកពិភាក្សាដេញដោលជាមួយដៃគូពាក់ព័ន្ធជាច្រើនលើកច្រើនគ្រាមក សារដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅពេលនេះមាន ៧ផ្ទាំង ក្នុងនោះមានជាអាទិ៍ ចាប់ផ្តើមពីយើង រួមគ្នាការពារកុមារ ពីការកេងប្រវ័ញ្ជ និងការរំលោភបំពានផ្លូវភេទ, ជនណាក៏ដោយ ឱ្យតែហ៊ានកេងប្រវ័ញ្ជនិង រំលោភបំពានផ្លូវភេទលើកុមារ ដឹងតែគុក និង ជួយកុមារពីការរំលោភបំពាន សូមរាយការណ៍បន្ទាន់ទៅកាន់លេខទូរស័ព្ទ ១២ ៨៨ និង លេខ ០៩២ ៣១១ ៥១១៕

ដកស្រង់ពី៖ Fresh News