បណ្តាញសង្គម

ខ្សែប្រយុទ្ធ​កម្ពុជាក្រោម ដាវ នីម មិន​អាក់អន់​ចិត្ត ចំពោះ​ការកាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​ឡើយ

(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធកម្ពុជាក្រោម ដាវ នីម បានលើកឡើងដោយសុទិដ្ឋិនិយមថា ខ្លួនពុំមានការអាក់អន់ស្រពន់ចិត្តឡើយ ចំពោះការធ្លាក់ចេញពីបញ្ជីកីឡាករជម្រើសជាតិនាពេលកន្លងមក តែផ្ទុយទៅវិញ គេរីករាយចំពោះការកោះហៅចូលក្នុងបញ្ជីបឋម ដែលអាចឲ្យរូបគេដឹងពីកម្រិតសមត្ថភាព និងចំណុចគួរកែប្រែពីគ្រូបង្វឹក Felix Dalmas មកជួយដល់ក្រុមគីរីវង់សុខសែនជ័យ។

គួរដឹងដែរថា កីឡាករទាត់បញ្ចូលទីខេត្តកំពង់ចាម ៦គ្រាប់ម្នាក់ឯងដដែលប្រាប់ថា បទពិសោធន៍ និងមេរៀននៅក្នុងក្រុម ជម្រើសជាតិរយៈពេលខ្លីកន្លងមក ក៏បានរួមចំណែកឲ្យរូបគេធ្វើបានល្អប្រសើរនៅក្នុងក្លិបផងដែរ បូករួមនឹងការ ព្យាយាមពង្រឹងគុណភាពពីសំណាក់គ្រូជនជាតិថៃ Ekaphop Puthisai ដាវ នីម បានជឿជាក់ថា រូបគេនឹងកាន់តែវិវឌ្ឍន៍ខ្លួនទៅមុខបន្ថែមទៀត ដើម្បីសម្រេចក្ដីស្រមៃជាប់ជម្រើសជាតិ។

ដាវ នីម បានបន្ថែមទៀតថា «អត់មានអន់ចិត្តអីទេ ព្រោះសមត្ថភាពយើងអត់ដល់គេ ប៉ុន្តែសប្បាយចិត្តចំពោះការផ្ដល់ឱកាសរបស់គ្រូ។

ក្រោយពេលប្រកាសបញ្ជីចុងក្រោយ គាត់ប្រាប់ខ្ញុំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្ញុំ ដែលគាត់បានមើលឃើញ ហើយផ្ដាំឲ្យខ្ញុំខំប្រឹងប្រែងថែមទៀត។

គាត់ឲ្យខ្ញុំមើលវីដេអូតាម YouTube ហើយហ្វឹកហាត់តាមគេ ដើម្បីឲ្យខ្ញុំអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន ជួយក្លឹបរកលទ្ធផលល្អ និងត្រៀមសម្រាប់ការរើសកីឡាករជម្រើសជាតិលើកក្រោយទៀត»។

សូមបញ្ជាក់ផងថា ដាវ នីម បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានក្លាយជាទីចាប់អារម្មណ៍មួយសម្រាប់អ្នកនិយមបាល់ទាត់ក្នុងស្រុក។

ចូលរួមជាមួយគីរីវង់តាំងពីឆ្នាំ២០១៥ ដាវ នីម ត្រូវបានគ្រូបង្វឹក Felix Dalmas ហៅចូលក្នុងបញ្ជីបឋមក្រុមជម្រើសជាតិត្រៀមវគ្គជម្រុះ World Cup ជុំទី១ តែត្រូវកាត់ចេញជាមួយ ស៊ិន សុផាណាត់ និង ម៉ៅ ពិសិដ្ឋ ពីបញ្ជីចុង ក្រោយ៕

ដកស្រង់ពី៖ Fresh News