បណ្តាញសង្គម

ថ្ងៃស្អែក ព្រះមហាក្សត្រនឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» នៅខេត្តក្រចេះ

(ក្រចេះ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ នឹងយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ព្រះរាជពិធីនេះ ក៏នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេច លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិមួយចំនួនរស់នៅជិតតំបន់នោះទៀតផង។

ដើម្បីអបអរ «រុក្ខទិវា» ៩កក្កដា នៅក្នុងឆ្នាំ២០១៩នេះ កូនឈើកម្រ និងប្រណិតចំនួន ១៣១៣៥ដើម នឹងត្រូវដាំលើផ្ទៃដីសរុប ១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ ៣០០០ដើម , អង្កាញ់ ៤៥០០ដើម, ធ្នង់ ៣០០០ដើម ,គ្រញូង ២០០០ដើម, ធ្នង់ដើមធំមានកម្ពស់ជាង ២ម៉ែត្រ ចំនួន ៦០០ដើម និង គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម៕

សូមរំលឹកថា កាលពីឆ្នាំ២០១៨ រុក្ខទិវា ៩ កក្កដា ត្រូវបានប្រារព្ធធ្វើក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ក្នុងស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវឱ្យប្រជារាស្រ្តកម្ពុជា ត្រូវរួមគ្នាដាំដើមឈើឡើងវិញ នៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ក្នុងការក្សានិយតភាព នៃប្រភពទឹក សម្រួលធាតុអាកាសឱ្យមានប្រក្រតី ភាពអនុគ្រោះដល់ជីវិតរស់នៅ របស់មនុស្សសត្វ និងអំណោយផលដ៏ប្រសើរដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជារាស្រ្ត។

ព្រះករុណា ព្រះមហាក្សត្រ បានអំពាវនាវដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ខិតខំប្រឹងប្រែងដាំដើមឈើ នៅតាមទីធ្លា សាធារណៈនានា ឱ្យបានច្រើន ដើម្បីជាម្លប់ប្រជានុរាស្រ្ត និងអំពាវនាវឱ្យសហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាជនយើង។

សូមបញ្ជាក់ថា រុក្ខទិវាបានបដិសន្ធិឡើងនៅសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លា របស់ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីទស្សវត្សរ៍៥០មក ដោយមានការចូលរួមផុសផុលពី ប្រជានុរាស្ត្រទូទាំងផ្ទៃនគរកម្ពុជា។

គួជម្រាបថា រុក្ខទិវា ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឱ្យចូលរួម ដាំឈើថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗ ទៀតតរៀងទៅ៕

ដកស្រង់ពី៖ Fresh News