បណ្តាញសង្គម

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យក្រុមការងារទាំងអស់ដែលចុះតាមមូលដ្ឋាន ត្រូវផ្សព្វផ្សាយអំពីកម្មវិនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ

(ស្វាយយរៀង)៖ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករំដួល និងលោកស្រី ព្រមទាំងមានការចូលរួមពីលោក ចាន់ កុលបុត្រ ប្រធានក្រុមការងារចុះជួយឃុំពងទឹក និងលោក សោម រតនា អនុប្រធានក្រុមការ និងក្រុមការងារចុះជួយស្រុករំដួល និងឃុំពងទឹក បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាចំនួន ៥វត្ត នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតក្នុងវត្តទួលតាកែវ។

ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅឃុំពងទឹក៤វត្ត និងឃុំកំពង់ចកមួយវត្ត ហើយក្នុងវត្តទទួលបានគ្រឿងឧបភោគ បរិភោគ ទៀនវស្សាមួយគូរ ប្រគេនបច្ច័យចំនួន៩០ម៉ឺនរៀល និងព្រះសង្ឃមួយអង្គប្រគេនបច្ច័យ ៥ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា បុណ្យចូលព្រះវស្សា គឺចាប់ផ្តើម ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ មានរយៈពេល ៣ខែ ដែលពុទ្ធបរិស័ទ្ធ បងប្អូនខ្មែរយើងគោរពប្រតិបត្តិជារៀងរហូតមក។

បន្ទាប់ពីបុណ្យទៀនវស្សានៅវត្តទួលតាកែវរួចមក នាយឧត្តមសេនីយ៍ ជៀង អំ បន្តដឹកនាំក្រុមការងារអញ្ជើញប្រកាសក្រុមការងារបក្សចុះជួយស្រុករំដួល និងឃុំពងទឹក។

លោក ជៀង អំ បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលកន្លងមកបានចុះមកជួយប្រជាពលរដ្ឋ ជួបការខ្វះខាតនៅមូលដ្ឋានឃុំពងទឹកដូចជា៖ ករណីគ្រោះធម្មជាតិ រលំផ្ទះ ដោយខ្យល់កន្ត្រាក់ព្រម ទាំងពលរដ្ឋមរណភាព ក៏ក្រុមការងារបានទៅចូលបុណ្យ និងយកចិត្តទុកដាក់ជួយពលរដ្ឋបានទាន់ពេលវេលា ហើយបានរួមសុខរួមទុកជាមួលពលរដ្ឋ រាល់ការលំបាករបស់ពលរដ្ឋ មានវត្តមានក្រុមការងារគណបក្សជួយជានិច្ច។

នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងទៀតថា ក្រុមការងារទាំងអស់ដែលចុះមូលដ្ឋានសំខាន់ ត្រូវផ្សព្វផ្សាយអំពីកម្មវិនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ និងអប់រំនយោបាយសតិអារម្មណ៍ សុំការគាំទ្រពីពលរដ្ឋធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿជាក់ ជាក់មកលើគណបក្សនិងរាជរដ្ឋាភិបាលកម្ពុជា។

មួយវិញទៀត ត្រូវផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលឲ្យពលរដ្ឋ បានយល់ជ្រួតជ្រាបន្ត ជួយកសាងបក្ស និងពង្រឹងគណបក្សឲ្យរឹងមាំ ទាំងបរិមាណ និងគុណភាពរក្សាចាស់បង្កើតថ្មី ខិតខំពង្រឹងបក្សនៅមូលដ្ឋាសឲ្យបានល្អប្រសើរបន្ថែមទៀត។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធចាត់តាំងបក្សមានភាពច្បាស់ លាស់ និងគោលនយោបាយត្រឹមត្រូវទើបធ្វើឲ្យពលរដ្ឋមានជំនឿលើគណបក្ស។

ក្រុមការងារត្រូវ ធ្វើការងារជាមួយមហាជនបង្កើតចងក្រង រចនាសម្ពន្ធ័យុវជននៅមូលដ្ឋាន ហើយធ្វើការងារឲ្យសកម្មភាពជាមួយពលរដ្ឋចូលរួមធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ។

ចំណុចមួយទៀត ពង្រឹងរបៀបរបបធ្វើការងារចុះមូលដ្ឋាន ក្នុង១ខែ ត្រូវចុះមកមូលដ្ឋានជួបពលរដ្ឋ ឲ្យបានដឹងពីសុខទុករបស់ពលរដ្ឋ និងធ្វើវេទិការសាធារណៈផងដែរ។

នៅក្នុងឱកាសនោះលោក ជៀង អំ ក៏បានចែកជូនឯកសណ្ឋានប្រជាការពារ ដល់ក្រុមប្រជាការពារតាមបណ្តាភូមិនានា នៅឃុំពងទឹក និងពិសាអាហារសាមគ្គីមួយពេលយ៉ាងសប្បាយរីករាយ៕

ដកស្រង់ពី៖ Fresh News