បណ្តាញសង្គម

សាលារាជធានីភ្នំពេញ បញ្ឈប់ការជីករណ្តៅដី និងការចាក់ដី ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបញ្ឈប់ក្រុមហ៊ុន អាជីវកម្ម ជីកដីទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងធ្វើសកម្មភាព ហើយមាន លិខិតអនុញ្ញាត អស់សុពលភាព និងគ្មានលិខិត អនុញ្ញាតនោះ ត្រូវបញ្ឈប់ សកម្មភាពជីកដី ចាប់ពីពេលនេះតទៅ។

យោងតាម សេចក្តីជូនដំណឹង របស់សាលារាជធានី ភ្នំពេញ ដែលគេហទំព័រ CEN ទទួលបាននៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានលើកឡើងថា ក្នុងរយៈពេល កន្លងមកនេះ សាលារាជធានីភ្នំពេញ បានពិនិត្យឃើញថា ការជីករណ្តៅដី និងការ ចាក់ដី ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មានភាព អនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការអភិវឌ្ឍ និងបរិស្ថាន ដោយការជីក មិនគោរពតាម បទដ្ឋានបច្ចេកទេស មានជម្រៅជ្រៅ ធ្វើឲ្យខូចស្ថានភាពដី។

ម្យ៉ាងវិញទៀត ការធ្វើអាជីវកម្ម ដោយមិនបានបង់ចំណូល តាមការណែនាំរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះទៀត អាចម៍ដី ដែលដឹកចេញ ពីរណ្តៅដីទាំងនោះ ភាគច្រើន យកទៅចាក់ ខុសគោលដៅ ដែលបានស្នើសុំ ដូចជា ការចាក់លុបស្រះ អាងស្តុកទឹកសម្អុយ ដែលជាអាង សំរាប់ស្តុកទឹកភ្លៀង បង្កឲ្យមានការលិចទឹក ក្នុងតំបន់ដទៃ។

សាលារាជធានី ភ្នំពេញ បានបន្តទៀតថា ដើម្បីលុបបំបាត់ ភាពអសកម្មខាងលើ សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់ក្រុមហ៊ុនអាជីវកម្ម ជីកដីទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុង ធ្វើសកម្មភាព ហើយមានលិខិត អនុញ្ញាត អស់សុពលភាព និងគ្មានលិខិតអនុញ្ញាតនោះ ត្រូវបញ្ឈប់ សកម្មភាពជីកដី ចាប់ពីពេលនេះតទៅ។

ចំពោះការ ដឹកជញ្ជូនអាចម៍ដី ពីបណ្តាខេត្ត នៅជុំវិញ រាជធានីភ្នំពេញ យកមកចាក់បំពេញ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងលិខិតអនុញ្ញាត ដែលអស់សុពលភាព ត្រូវសុំច្បាប់អនុញ្ញាតពី សាលារាជធានីភ្នំពេញ ជាថ្មី ដើម្បីពិនិត្យបច្ចេកទេស និងការអនុញ្ញាច្បាប់ រួមទាំងការចាក់ និងការដឹកជញ្ជូន។

សាលារាជធានី ភ្នំពេញ នឹងមានវិធានការ យ៉ាងតឹងរឹង ចំពោះបងប្អូនទាំងឡាយណា ដែលនៅរឹងរូស មិនគោរពតាម ការណែនាំខាងលើ ហើយសង្ឃឹមជឿជាក់់ លើស្មារតីសហការ និងទទួលខុសត្រូវ របស់បងប្អូន ប្រជាពលរដ្ឋ ដើម្បីរួមចំណែកក្នុង ការស្តារ និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ ឲ្យមានការរីកចម្រើន និងប្រកបដោយ និរន្តរភាព បរិស្ថានល្អ។

សាលារាជធានី ភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ ការជីករណ្តៅដី និងការចាក់ដី ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនេះ ក្រោយពេលដែលមាន ឧបទ្ទវហេតុគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាស ទៅក្នុងរណ្តៅ ដីដ៏ធំមួយ ដែលមានទឹក ស្ថិតខាងក្រោយ ពន្ធនាគារព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ជាយក្រុងភ្នំពេញ នាទិសពាយ័ព្យ កាលពីព្រឹក ថ្ងៃទី១៤ កក្កដា ក្នុងពេលកំពុងហ្វឹកហាត់ បណ្តាលឲ្យមនុស្ស ចំនួន ៤ នាក់ ស្លាប់ និងរបួសម្នាក់ ដែលរណ្តៅដីនោះ មានជម្រៅប្រមាណជា ៥០ម៉ែត្រ ដែលលើសពី ច្បាប់អនុញ្ញាត។ រណ្តៅដី ក្នុងរាជធានីភ្នំពេញ ដែលច្បាប់បាន អនុញ្ញាតឲ្យជីក គឺមានជម្រៅប្រមាណជា ២០ម៉ែត្រប៉ុណ្ណោះ៕

ដកស្រង់ពី៖ គេហទំព័រ CEN