Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពីការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍

  • បោះពុម្ព

(សៀមរាប)៖ វិស័យកុលាលភាជន៍នៅកម្ពុជា បានចាប់ផ្តើមរីកចម្រើន និងមានការស្រាវជ្រាវច្រើន បន្ទាប់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងស្ថាប័នជាតិ-អន្តរជាតិបានរកឃើញឡចំនួនជាង ១០ទីតាំង នៅតំបន់អង្គរ តាំងពីឆ្នាំ១៩៩៥ និងបានស្រាវជ្រាវដឹងពីប្រភេទកុលាលភាជន៍ដែលផលិតនៅតាមឡ និងការប្រើប្រាស់នៅក្នុងតំបន់អង្គរ ក៏ប៉ុន្តែខ្មែរនៅពុំទាន់បានចងក្រងពាក្យបច្ចេកទេសទាក់ទងនឹងការហៅឈ្មោះកុលាលភាជន៍ និងឡទាំងអស់នោះជាផ្លូវការនៅឡើយ។

ដូច្នេះហើយ ចាប់ពីថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០១៩ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ បានអញ្ជើញស្ថាប័នជាតិមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិតសភា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិភ្នំពេញ អាជ្ញាធរជាតិព្រះវិហារ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីរៀបចំសិក្សាសាលាស្តីពី «ការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍»។

ទាក់ទងនឹងការពិភាក្សាគ្នាដើម្បីបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍នេះ លោក អ៊ា ដារិទ្ធ អ្នកជំនាញកុលាលភាជន៍បានឱ្យដឹងថា «កន្លងមកសាស្ត្រាចារ្យ Joyce White នៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកបានបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍ជាភាសាងអង់គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែមិនមានជាភាសាខ្មែរទេ»។

អ្នកជំនាញរូបនេះបន្តថា «វាមានប្រយោជន៍ណាស់ក្នុងការហៅកុលាលភាជន៍ខ្មែរឱ្យចំទៅនឹងពាក្យបច្ចេកទេស កុំឱ្យហៅខុសពាក្យ ហើយហៅផ្សេងគ្នាដោយមិនច្បាស់លាស់ ដើម្បីជាការលើកតម្លៃកុលាលភាជន៍ខ្មែរក្នុងតំបន់អាស៊ីអាគ្នេយ៍ ថា ខ្មែរយើងចេះផលិតកុលាលភាជន៍រឹងតាំងពីសម័យអង្គរ មុនប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ តែគេបែរជាមានការប្រើប្រាស់ពាក្យបច្ចេកទេសហៅបានត្រឹមត្រូវ»។

លោក អ៊ា ដារិទ្ធ បន្តថា «បើយើងមិនកំណត់ឈ្មោះលើវត្ថុនោះទេ យើងមិនដឹងថាត្រូវហៅវត្ថុនោះយ៉ាងម៉េចទេ ឱ្យត្រូវនឹងមុខងារប្រើប្រាស់ ដូចជាខួចសម្រាប់ដាក់វត្ថុរាវ ឆ្នាំងសម្រាប់ចម្អិនអាហារជាដើម។

ចំពោះការហៅឈ្មោះនេះដែរ គឺយោងទៅលើមុខងារប្រើប្រាស់នៃប្រភេទភាជន៍បច្ចុប្បន្ន ហើយប្រៀបធៀបនឹងភាជន៍ដែលយើងរកឃើញពីអតីតកាល។

ម៉្យាងទៀត ជួនកាលនៅតំបន់អង្គរគេហៅភាជន៍នេះថាបែបនេះ តែតំបន់ផ្សេងគេហៅថាខុសពីនោះ ដូច្នេះសិក្ខាសាលានេះក៏ផ្តោតការយកចិត្តទុកដាក់លើការហៅឈ្មោះពីតំបន់ផ្សេងៗគ្នាដែរ ដើម្បីរកឈ្មោះឱ្យបានច្រើន និងប្រើប្រាស់ត្រឹមត្រូវតាមបរិបទនៃវប្បធម៌របស់តំបន់នីមួយៗ។

សូមបញ្ចាក់ដែរថា រយៈពេលបីថ្ងៃនៃសិក្ខាសាលានេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេកទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរ និងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃ និងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត៕

ដកស្រង់ពី៖ Fresh News