បណ្តាញសង្គម

សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ផ្តល់អណ្តូងទឹក ជូនអ្នកភូមិព្រះធាតុ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សា ព្រះមហាក្សត្រ និងជា ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២០ ខែកក្កដានេះ បានផ្តល់នូវអណ្តូងទឹក ដល់អ្នកភូមិ ព្រះធាតុ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ដែលកំពុងខ្វះខាតទឹកស្អាត សម្រាប់ប្រើ ប្រាស់។

ក្នុងពិធីផ្តល់អណ្តូងនោះ សម្តេចព្រះអនុជ នរោត្តម អរុណរស្មី មានបន្ទូលថា បន្ទាប់ពីទទួលបានដំណឹង អំពីការខ្វះ ខាតទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋក្នុងតំបន់នេះ ពីក្រុមការងារ ទើបព្រះអង្គ និងក្រុមការងារ បក្សនៅមូលដ្ឋាននេះ បានសម្រេច ប្រទានអណ្តូងស្នប់មួយកន្លែងនេះ ដើម្បីបំរើជា ប្រយោជន៍រួមដល់អ្នកភូមិ និងបានបង្ករភាព ងាយស្រួល ក្នុងការទទួលបានទឹកស្អាត ប្រើប្រាស់តរៀងទៅ។

ព្រះអង្គបន្តថា ទោះជាហ៊្វុនស៊ិនប៉ិច មិនបានទទួលអាសនៈក្នុងសភាក៏ពិតមែន តែ ព្រះអង្គក៏នៅ តែគោរពដឹងគុណ ចំពោះប្រជាពលរដ្ឋ ដែលគាំទ្រចំពោះ គណបក្សហ៊្វុនស៊ិនប៉ិច ទោះបីជាចំនួន នៃការគាំទ្រមាន ចំនួនតិចក៏ដោយ។ ម៉្យាងវិញទៀត រាល់សកម្មភាព លើផ្នែកមនុស្សធម៌ គឺដើរតាមលំអាន និងមាគ៌ារបស់ ព្រះបរមរតនកោដ្ឋ ជា ព្រះបិតា ដែលតែងតែ អប់រំដល់កូន ចៅរបស់ព្រះអង្គ ឲ្យយកព្រះទ័យទុកដាក់ ចំពោះប្រជារាស្រ្ត របស់ព្រះអង្គ តាំងពីព្រះអង្គមាន ព្រះជន្មនៅឡើយ។

អ្នកភូមិព្រះធាតុ បានរៀបរាប់ពីទុក្ខលំបាក របស់ពួកគាត់កន្លងមកថា ចំពោះរដូវវស្សាមិនសូវជា បញ្ហាចោទប៉ុន្មានទេ ព្រោះបាន ទឹកភ្លៀងខ្លះមកប្រើប្រាស់ ដោយឡែក នៅរដូវប្រាំង វិញ គឺមានការលំបាល គ្មានប្រភពទឹកនៅជិត ក្រៅពីនាំគ្នាសំរុកទៅ ដងទឹកពីអណ្តូងក្នុងវត្ត គឺទៅសុំទឹកពីអណ្តូងរបស់ អ្នកភូមិដែលគេមាន លទ្ធភាពជីកផ្ទាល់ខ្លួន ពេលខ្លះគេឲ្យ ពេលខ្លះគេមិនឲ្យ ព្រោះគេខ្លាចខ្វះទឹក ប្រើប្រាស់សម្រាប់ គ្រួសារគេដែរ។

ពួកគាត់បន្តថា បន្ទាប់ពីទទួលបានអណ្តូងនេះ នឹងលែងសូវពិបាក ដូចមុនទៀតហើយ ព្រោះវានៅជិតផ្ទះហើយ អ្នកភូមិ អាច ប្រើប្រាស់បាន តាមតម្រូវការទាំងអស់គ្នា។

ជាមួយគ្នានោះព្រះអង្គបាន យាងចុះសួរសុខទុក្ខព្រះសង្ឃ ប្រជាពលរដ្ឋ ដោយនាំយកនូវទៀនព្រះវស្សា និង ទេយ្យទានប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា ហើយបានចែកអំណោយ ជាវត្ថុអនុស្សាវរីយ៍ជូន ប្រជាពលរដ្ឋ កុមារា កុមារី ក្រីក្រប្រមាណជាង ៣០០នាក់ក្នុង ភូមិ-ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ៕