Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ទៀ បាញ់ រំលឹកអំពីទុក្ខវេទនាក្នុងសម័យសង្រ្គាម ដោយ «ដាច់បាយ និងដួលសន្លប់»

  • បោះពុម្ព

(ភ្នំពេញ)៖ ជាមេដឹកនាំម្នាក់ដែលធ្លាប់ឆ្លងកាត់ការលំបាកនានា ក្នុងសម័យសង្រ្គាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញអំពីទុក្ខវេទនា ក្នុងឆាកជីវិតរបស់សម្តេច ក្នុងពេលដែលប្រទេសកម្ពុជា មានសង្រ្គាម។

តាមរយៈ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ភាពអត់ឃ្លានលំបាកវេទនារបស់ប្រជាជននៅតាមបណ្តាប្រទេសដែលកំពុងមានសង្គ្រាម ធ្វើឱ្យខ្ញុំនឹកឃើញពេលដែលខ្ញុំត្រូវបង្ខំចិត្តរត់ចូលព្រៃ ដើម្បីគេចពីការតាមសម្លាប់របស់អាជ្ញាធរអប្រិយកាលពីសម័យមុន។

គ្រានោះខ្ញុំមិនបានហូបបាយអស់រយៈពេល ៣ថ្ងៃ៣យប់។ ដល់ពេលមានអង្ករដាំបាយហូប គ្រាន់តែហុតទឹកបាយមួយស្លាបព្រាក៏ធ្វើឱ្យខ្ញុំសន្លប់បាត់ដែរ ព្រោះតែមិនបានហូបយូរថ្ងៃពេក»។

កម្ពុជាបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្ស។ សង្រ្គាមស៊ីវិលបានចាប់ផ្តើមពីការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ នៅថ្ងៃ១៨ មីនា ១៩៧០ បណ្តាលប្រទេសជាតិធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដោយសម្លាប់មនុស្សជាង២លាននាក់ និងប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត រងទុក្ខវេទនា។

សង្គ្រាមបានកើតឡើងជាបន្តបន្ទាប់ទោះបីជារបបខ្មែរក្រហមដួលរំលំ នៅថ្ងៃទី៧ មករា ១៩៧៩។ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកទៀតថា ក្នុងនាមជាជនរងគ្រោះដែលធ្លាប់ឆ្លងកាត់នូវការឈឺចាប់ខ្លោចផ្សានេះ សម្តេចពិតជាបានយល់ច្បាស់អំពីទុក្ខលំបាកវេទនា របស់ប្រជាជនដែលកំពុងរងនូវភាពអត់ឃ្លានដោយសារសង្គ្រាម។

សម្តេចសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសនានានឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវជីវិតដែលពោរពេញដោយសុខសន្តិភាព។

ក្រៅអំពីបំណងចង់ឱ្យពិភពលោកបញ្ចប់សង្រ្គាម សម្តេចពិជ័យសេនា បានបង្ហាញក្តីសង្ឃឹមមួយទៀត ដោយចង់ឱ្យកម្ពុជារក្សាបានសន្តិភាពយូរអង្វែង។

សម្តេចថ្លែងថា៖ «ខ្ញុំក៏កាន់តែសង្ឃឹមថា កម្ពុជាអាចរក្សាសន្តិភាពរបស់ខ្លួនបានគង់វង្ស និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរុងរឿងបន្ថែមទៀត»៕

ដកស្រង់ពី៖ Fresh News