បណ្តាញសង្គម

មន្ត្រីកសិកម្ម៖ ផលិតផលកសិកម្មនៅកម្ពុជា នៅតែមានសក្តានុពលក្នុងការកែច្នៃ បើសិនយើងទាំងអស់គ្នារួមគ្នាគិតនឹងរួមគ្នាធ្វើ

(ភ្នំពេញ)៖ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានថ្លែងថា ផលិតផលកសិកម្មរបស់កម្ពុជា នៅតែមានសក្តានុពល នៅតែមានគុណភាព និងប្រសិទ្ធភាពសម្រាប់ធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារ តែអ្វីដែលយើងមិនទាន់ធ្វើបាននោះ គឺមិនទាន់បានប្រមូលផ្តុំគ្នា ដើម្បីរួមគ្នាជួយគិត និងរួមគ្នាធ្វើ ដើម្បីរកទីផ្សារមកពីក្រៅប្រទេស ក្នុងការគាំទ្រផលិតផលកែច្នៃរបស់យើង។

លោក គង់ ភាជ បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែឆ្នៃចំណីអាហារ និងកែឆ្នៃផលិតផលកសិកម្ម នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីលោក ប៉ិច បូឡែន អនុប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា, លោកឧកញ៉ា ឈិន កេន ប្រធានគណៈកម្មាការទំនាក់ទំនងសារធារណៈជាតិ និងអន្តរជាតិ នៃសម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា, លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោក គង់ ភាជ បានបញ្ជាក់ទៀតថា ផលិតផលកសិកម្មរបស់យើងកាលពីមុនមក គឺធ្វើគ្រាន់តែផ្គត់ផ្គងជីវភាព និងការនាំចេញ គឺមានតិចតួច ហើយបើមកដល់ពេលបច្ចុប្បន្ននេះវិញ គឺមានការនាំចេញជាច្រើន ដែលអាចឈានចូលដល់ក្នុងទីផ្សារអន្តរជាតិ ដូចនេះហើយយើងទាំងអស់គ្នា ត្រូវតែនាំគ្នាធ្វើអ្វី ដែលយើងនៅមានការខ្វះចន្លោះ គឺបញ្ហាកែច្នៃ ដែលយើងនៅមានការខ្វះចន្លោះច្រើន ហើយបើតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងគោលការណ៍អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥ -២០២៥ ធ្វើយ៉ាងណាឱ្យបានកាកែច្នៃ ដើម្បីនាំចេញឱ្យបាន១២ភាគរយ។ លោក គង់ ភាជ បានបញ្ជាក់ទៀតថា ដើម្បីឱ្យសម្រេចបានការកែច្នៃឱ្យបាន១២ភាគរយនេះ គឺយើងត្រូវទាមទារឱ្យមានការចូលរួមគ្រប់ភាគី និងក្រសួងពាក់ព័ន្ធ ក្នុងការចូលរួមសហការគ្នា គាំទ្រដល់វិស័យកសិកម្ម ក៏ដូចជាកសិឧស្សាហកម្ម ទើបផែនការណ៍នេះអាចសម្រេចទៅបាន។ ក្នុងនោះដែរចំពោះផលិតផលកសិកម្មរបស់យើង ត្រូវទាមទារឱ្យមានការទទួលស្គាល់ទាំងបរិមាណ និងគុណភាព សម្រាប់ការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បឱ្យគេមានភាពទាក់ទាញ ក្នុងនោះយើងត្រូវតែធ្វើការសម្រិតសម្រាំង ក្នុងការជ្រើសរើសគ្រាប់ពូជឱ្យបានល្អ ទើបផលិតផលយើងមានគុណភាពខ្ពស់

។ សូមបញ្ជាក់ដែរថា វេទិកាផ្លូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម២០១៩ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ (អគារ A) រាចាប់ពីថ្ងៃ ១៦-១៧-១៨ ខែសីហា ឆ្នាំ២០១៩។ គោលបំណងចំបងនៃវេទិកានេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍ ឧស្សាហកម្មកែច្នៃកសិផលនៅកម្ពុជា ដែលជាវិស័យសំខាន់ក្នុងការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ក្រៅពីវិស័យកាត់ដេរ។

គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅជំរុញ «ការនាំចេញទំនិញកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥» ។

វេទិកាផ្លូផ្គងអាជីវកម្មឆ្នាំ២០១៩ គឺជាវេទិកាលើកដំបូងនៅកម្ពុជា ដែលសំដៅគាំទ្រដល់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មខ្នាតតូច និងខ្នាតមីក្រូ ដែលជាអាជីវកម្មមានចំនួនភាគច្រើននៅក្នុងវិស័យនេះ។

អាជីវកម្មទាំងនោះត្រូវការសេវាកម្មគាំទ្រនានាជាច្រើន ដើម្បីឲ្យពួកគាត់អាចពង្រីក និងជំរុញឲ្យអាជីវកម្មរបស់ខ្លួនឲ្យមាននិរន្តរភាព៕

ដកស្រង់ពី៖ Fresh News