Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ច្បាប់ប្រកួតប្រជែង និងមូលដ្ឋាននៃប្រព័ន្ធច្បាប់កម្ពុជា»

  • បោះពុម្ព

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «ច្បាប់ប្រកួតប្រជែង និងមូលដ្ឋាននៃប្រព័ន្ធច្បាប់កម្ពុជា» ក្រោមអធិបតីភាពរបស់លោក គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល តំណាងរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល, លោកបណ្ឌិត Günter Riethmacher នាយកប្រចាំប្រទេសរបស់អង្គការ GIZ, លោកស្រី Sheridan de Kruiff ប្រធានផ្នែក នៃគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី (ACCC), លោកស្រី លឹម រដ្ឋា ទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃក្រុមហ៊ុនមេធាវី VINAYA និងជាទីប្រឹក្សាជាតិរបស់អង្គការ GIZ រួមជាមួយសិក្ខាកាមចូលរួមចំនួន ៧៣ នាក់។

លោក គឹម មាសសុខសីហា បានឱ្យដឹងថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ប្រកួតប្រជែងកម្ពុជា បានបញ្ចប់កិច្ចប្រជុំកម្រិតអន្តរក្រសួង នៅទីស្តីការគណៈរដ្ឋមន្រ្តី រួចរាល់ហើយ នៅឡើយតែជំពូកទី ៤ និងជំពូកទី ៦ ដែលចែងអំពីនីតិវិធីនៃការប្តឹងនិងការស៊ើបអង្កេត និងទោសប្បញ្ញត្តិ ដែលតម្រូវឱ្យក្រុមការងារតាក់តែងច្បាប់នៃក្រសួងពាណិជ្ជកម្ម ត្រូវប្រជុំពិភាក្សាចង្អៀតជាមួយក្រសួងយុត្តិធម៌ មុននឹងសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

គោលបំណងរបស់សេចក្តីព្រាងច្បាប់ប្រកួតប្រជែង គឺដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីសកម្មភាពប្រកួតប្រជែងបំពានច្បាប់ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាដែលមានគុណភាពខ្ពស់ តម្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

អគ្គនាយករងបានបន្តថា ច្បាប់ប្រកួតប្រជែងនឹងដោះស្រាយបញ្ហានានាពាក់ព័ន្ធដល់សកម្មភាពឃុបឃិតគ្នារវាងធុរកិច្ច ការកំណត់ថ្លៃ ការកំណត់បរិមាណទំនិញសម្រាប់លក់ ការកំណត់ទីតាំងភូមិសាស្រ្តសម្រាប់លក់ផលិតផលនិងសេវា សកម្មភាពប្រើប្រាស់អំណាចដោយបំពានរបស់ធុរកិច្ចដោយអំណាចលើទីផ្សារ ព្រមទាំងរារាំងការរួមបញ្ចូលគ្នា នៃធុរកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ហើយអាចនាំទៅរកឯកាធិភាព។

ប្រទេសកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ប្រកួតប្រជែងរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះថាក្នុងដំណើរការតាក់តែងនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចពិគ្រោះយោបល់ជាច្រើនលើកច្រើនសារជាមួយភាគីពាក់ព័ន្ធ និងដោយមានការចូលរួមពីជំនាញការអន្តរជាតិជាច្រើននាក់ផងដែរ។

អគ្គនាយករង បានបន្ថែមទៀតថា «គោលបំណងរបស់សិក្ខាសាលាបណ្តុះបណ្តាលនាថ្ងៃនេះ គឺដើម្បីបង្កើននូវការយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច ក៏ដូចជាពង្រឹងនូវចំណេះដឹងផ្នែកច្បាប់ ជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដែលនៅ ពេលអនាគតពួកគេនឹងត្រូវក្លាយជាមន្រ្តីនគរបាលយុត្តិធម៌ សម្រាប់អនុវត្តច្បាប់ប្រកួតប្រជែងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់»។

លោក គឹម មាសសុខសីហា បានប្រកាសបើកសិក្ខាសាលាបណ្តុះបណ្តាល និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទទួលយកចំណេះដឹងថ្មីៗ ពីជំនាញការអន្តរជាតិ និងគ្រូបង្គោលជាតិ ក្នុងគោលបំណងជាពុទ្ធិបន្ថែមសម្រាប់កាអភិវឌ្ឍខ្លួនឯង ក៏ដូចជាសម្រាប់ពង្រឹងដល់ការអនុវត្តច្បាប់ប្រកួតប្រជែង របស់ស្ថាប័ននាពេលអនាគត៕

 

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ Fresh News