បណ្តាញសង្គម

នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពីសក្ដានុពល និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា៥ចំណុច ដល់ធុរជន និងអ្នកវិនិយោគ កុំឲ្យស្ទាក់ស្ទើរក្នុងការបណ្តាក់ទុននៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ បានប្រាប់ដល់ធុរជន និងអ្នកវិនិយោគ អំពីសក្ដានុពល និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាចំនួន៥ចំណុច ដើម្បីឲ្យពួកគេមានមូលដ្ឋាន ក្នុងការសម្រេចដោយមិនស្ទាក់ស្ទើរ ចំពោះបំណងវិនិយោគនៅប្រទេសកម្ពុជា។

ការបញ្ជាក់ជូនធុរជន និងវិនិយោគិនរបស់សម្តេចតេជោនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងវិនិយោគិននៃប្រទេសទាំង២ជាច្រើននាក់ផងដែរ។

សក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាទាំង៥ចំណុច ដែលបញ្ជាក់ដោយសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច៖ ក្រោយពីឆ្នាំ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ ការវិលត្រលប់មកវិញ នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច ពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបានបញ្ឈប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ កាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ»។

ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិ ក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងក្នុងតំបន់ និងសកល ហើយបច្ចុប្បន្ន កម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ចពេញលេញ ដែលជាមូលដ្ឋានសម្រាប់ទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។

ទី២៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។

ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុបគួបផ្សំនឹងប្រាក់ឈ្នួល ដែលមានភាពប្រកួតប្រជែង។

ទី៤៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជា «រោងចក្រនៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារ អាស៊ាន, និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។

ទី៥៖ កម្ពុជាមានសក្ដានុពល សម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌និងធម្មជាតិ» រួមមានសម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេ បឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញ សម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសទាំងអស់ រួមទាំងវិនិយោគស្រីលង្កា ដែលមានបំណងចង់វិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាធានានូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់។

ជាមួយគ្នានេះ សម្តេចតេជោបានចេញមុខធានាជូនអ្នកវិនិយោគគ្រប់រូប នូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

ដកស្រង់ពី៖ Fresh News