បណ្តាញសង្គម

ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩

(ភ្នំពេញ)៖ នៅសល់តែរយៈពេល ១០ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្តើមហើយសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំការប្រឡងនេះឲ្យទទួលបានលទ្ធផលល្អ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋបាលរាជធានីភ្នំពេញលោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកសំណើសុំកិច្ចសហការពីអាជ្ញាធររាជធានីភ្នំពេញ ជាពិសេស លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងបរិវេណមណ្ឌលប្រឡង និងបរិវេណខាងក្រៅរួមទាំងការការពារមណ្ឌលសំនេរ មណ្ឌលកំណែរជាដើម។

លោកបន្តថា សម័យប្រឡងពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែត្រូវបានរឹតបន្តឹង ដើម្បីធានាគុណភាពចំណេះដឹងរបស់បេក្ខជន។ លោក ជា ជាតិ បានលើកសំណើសុំឲ្យមានការពង្រឹង និងទប់ស្កាត់ព័ត៌មានបំផ្លើសបំភ្លៃការ ពិត ព័ត៌មានបែកធ្លាយវិញ្ញាសារជាដើម។ លោកថា «យ៉ាងណាយើងត្រូវរួមគ្នារក្សាចំណុចល្អ ដែលយើងធ្លាប់ទទួលបានកាលពីឆ្នាំកន្លងទៅ»។

ជាមួយគ្នានេះ លោកក៏ស្នើសុំឲ្យមានការពង្រឹងសណ្តាប់ធ្នាប់ចរាចរតាមដងផ្លូវ ដែលនឹងមានការចល័តទៅកាន់មណ្ឌលប្រឡង ដ៏ច្រើនអាចចាប់ពីម៉ោង៦ទៅម៉ោង៧ព្រឹកថ្ងៃទី១៩ ខែសីហា ដែលជា ថ្ងៃចាប់ផ្តើមប្រឡង។

ជាមួយគ្នានេះ រាល់វិញ្ញាសារទូទាំងប្រទេសនឹងត្រូវប្រមូលមកធ្វើកំណែរនៅរាជធានីភ្នំពេញចំនួន១០មណ្ឌល។

លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធររាជបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់កិច្ចសហការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះឲ្យបានល្អប្រសើរ។

តែទោះបីយ៉ាងណា លោកអភិបាលរងស្នើសុំឲ្យកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចគណៈបញ្ជាការឯកភាពខណ្ឌជាអ្នកការពារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅខាងក្រៅបរិវេណមណ្ឌលប្រឡង។

ចំណែកខាងក្នុងបរិវេណមណ្ឌលប្រឡងជាភារកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា។ គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានមណ្ឌលប្រឡងចំនួន២៧មណ្ឌលស្មើនឹង៩២៦បន្ទប់ ដែលមានបេក្ខជនប្រឡងជាង២ម៉ឺននាក់ ក្នុងចំណោមបេក្ខជនទូទាំងប្រទេសជាង ១១ម៉ឺននាក់៕

ដកស្រង់ពី៖ Fresh News