បណ្តាញសង្គម

វីសា បន្តពង្រឹងការប្តេជ្ញាចិត្តអភិវឌ្ឍការទូទាត់តាមប្រព័ន្ធឌីជីថល នៅកម្ពុជា

(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខ នៅក្នុងពិភពលោក និងធនាគារអេស៊ីលីដា ភីអិលស៊ី នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជា ដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។

កិច្ចព្រមព្រៀងនេះ ផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា អាចប្រើប្រាស់ជាមួយនឹងស្តង់ដារបន្ទះឈីបសុវត្ថិភាព Visa’s EMV® និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារអេស៊ីលីដា សម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុក កាតម៉ាស៊ីនអេធីអឹម និងនៅកន្លែងលក់ដូរផ្សេងៗ ដើម្បីធានាបានថា ពួកគេនឹងទទួលបាននូវស្តង់ដារឈីប ដែលត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា នៅពេលបញ្ចប់ការផ្លាស់ប្តូរធនាគារ និងធុរកិច្ចក្នុងស្រុក នឹងទទួលបានការការពារយ៉ាងខ្ពស់ ប្រឆាំងនឹងការក្លែងបន្លំ ហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពានទិន្នន័យតទៅទៀតដែរ។ តាមរយៈការទទួលយក Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើង ដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អ្នកកាន់តែមានជំនឿចិត្តនូវគ្រប់ប្រតិបត្តិការទាំងអស់។ ដោយសារការទូទាត់ តាមរយៈឌីជីថល មានការរីកចម្រើននៅក្នុងប្រទេស យើងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា នៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ការដាក់ឲ្យមានការប្រើប្រាស់ Visa’s EMV chip standards សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើការរួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពឱ្យខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

ចំពោះកាត EMV មានបង្កប់នូវ microprocessor ដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ ដំណោះស្រាយឈានមុខ នៃការប្រឆាំងនឹងការក្លែងបន្លំនេះ ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាត magnetic stripe ពីមុនមិនមាន។

លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសូមសរសើរដល់ ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការសហការរបស់ពួកគេក្នុងការពង្រឹងសន្តិសុខ ក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។

យើងប្តេជ្ញាជំរុញអនាគត នៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជា ដែលឈរលើហេដ្ឋារចនាសម្ពន្ធ័ទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះ គឺជាជំហានសំខាន់ក្នុងការសម្រេចនូវចក្ខុវិស័យនេះ»។

ប្រទេសកម្ពុជា បន្តទទួលបានកំណើនយ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថល ហើយក៏មានការកើនឡើងនូវចំណង់ចំណូលចិត្ត ក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ ដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។

យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទ ក្នុងការទូទាត់របស់អតិថិជន ប្រើប្រាស់វីសាកាត ឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល១/៣ រំពឹងថាការទូទាត់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថល នឹងមានប្រជាប្រិយភាពកើនឡើង ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរ ប្រជាជនកម្ពុជា៥៤% ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធ នៅក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ។

លើសពីនេះទៀត ដើម្បីជួយដល់ធនាគារក្នុងស្រុកជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែងតែបន្តការអភិវឌ្ឍ យុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃប្រឌិត។

ក្នុងនោះផងដែរ វាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជនពីការគំរាមកំហែង ហើយភាពជាដៃគូនេះ ហើយដែលអនុញ្ញាត ឱ្យក្រុមហ៊ុន វីសា បង្កើតនូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានណែនាំដោយបច្ចេកវិទ្យាច្នៃប្រឌិត ដូចជា EMV chip នេះ។

ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាណិជ្ជកម្មរបស់ខ្លួនបានវិនិយោគ ជាប្រចាំនៅលើការរីកចម្រើនលើការទូទាត់ តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា ហើយនេះបានរួមបញ្ចូលទាំងផលិតនិងការប្រើប្រាស់កាតបន្ថែម ការអប់រំដល់អ្នកប្រើប្រាស់ និងអាជីវកលើអត្ថប្រយោជន៍នៃការទូទាត់ តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងការណែនាំអំពីការ ច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជា ការទូទាត់តាមរយៈការស្កេន QR កូដជាដើម។

បន្ទះឈីបស្តង់ដារ EMV ជាស្តង់ដារឧស្សាហកម្មជាសកលសម្រាប់ប្រតិបត្តិការទូទាត់ដ៏មានសុវត្ថិភាពត្រូវបានបង្កើតឡើងដោយ EMVCo ដែលជាកម្មសិទ្ធិរួមគ្នារបស់ American Express, Discover, JCB, MasterCard, UnionPay និង Visa៕

ដកស្រង់ពី៖ Fresh News