បណ្តាញសង្គម

លោក អ៉ិត រ៉ាឌី ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះលោក អ៉ិត រ៉ាឌី ឱ្យក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មីជំនួសសមាជិកចាស់ដែលបានផុតអាណត្តិ។

ថ្លែងក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី១២សីហា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា លោក អ៉ិត រ៉ាឌី ត្រូវសមាជិករដ្ឋសភាចំនួន១០៩រូប បោះឆ្នោតជ្រើសរើសជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មីចាប់ពេលនេះតទៅ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងថា លោកអ៉ិត រ៉ាឌី គឺជាបេក្ខជនតែម្នាក់ ដែលបានដាក់ពាក្យសុំធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិថ្មីនេះ។

លោកបន្តថា លោករ៉ាឌី គឺជាឥស្សរជនមួយរូប ដែលមានបទពិសោធន៍ ធ្វើជាចៅក្រម និងបម្រើការងារក្រសួងយុត្តិធម៌អស់រយៈពេល១៥ ឆ្នាំមកមកហើយ និងធ្លាប់ជាធ្វើជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយអាណត្តិលន្លងមកផងដែរ។

គួររម្លឹកថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជអធិបតីព្រះមហាក្សត្រ និងមាន សមាជិក១១រូប ដូចមានចែងក្នុងមាត្រា៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីដែលត្រូវបានព្រះមហាក្សត្រឡាយព្រហត្ថលេខា ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៤ ដើម្បីធានា និងឯករាជ្យភាពនៃអំណាចតុលាការ។ ស្ថាប័ននេះមានសមត្ថកិច្ច និងតួនាទីស្នូលគឺ តែងតាំ ផ្ទេរ ព្យូ និងដកតំណែងចៅក្រម និងព្រះរាជ្ញា៕

ដកស្រង៉ពី៖ Fresh News