Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា៖ និយោជកកូរ៉េពេញចិត្តនឹងអត្តចរិតការងាររបស់ពលករកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ភាពអត់ធ្មត់ព្យាយាមនឹងការងារ គួបផ្សំនឹងអត្តចរិតល្អរបស់ពលករកម្ពុជាដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹងពីសំណាក់និយោជក និងថ្នាក់ដឹកនាំកូរ៉េថែមទៀតផង។

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលោក អូ ណាក់យ៉ុង ក្នុងពេលជូនដំណើរពលករកម្ពុជាផ្នែកឧស្សាហកម្មចំនួន ៣២នាក់(ស្រី ២នាក់) ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ការចេញដំណើររបស់ពលករកម្ពុជាខាងលើនេះធ្វើឡើងនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការជូនដំណើរនេះក៏មានការចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ ។ នាឱកាសសំណេះសំណាលជាមួយពលករកម្ពុជាលោក អូ ណាក់យ៉ុង បានផ្ដាំផ្ញើថា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមពលករទាំងអស់ទាក់ទង ទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេស ដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមាននៅពេលធ្វើការនៅកូរ៉េ។

លោក ហេង សួរ ក៏មានមតិផ្ដាំផ្ញើទៅកាន់ពលករទាំង៣២នាក់នោះ ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌល គាំពារពលករបរទេស ដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈមនឹងបញ្ហានានាផងដែរ។

លោកបានបង្ហាញការសង្ឃឹមជឿជាក់ថា ពលករកម្ពុជាទាំងអស់នឹងរក្សាបាននូវភាពថ្លៃថ្នូរ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាពក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។

នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោក ហេង សួរ បានថ្លែងឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ៦ម៉ឺននាក់ ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់។

លោកបានបន្តថា «បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី ៤,០០០នាក់ ទៅ ៤,៥០០នាក់ បន្ថែមទៀត»។

លោកបានបញ្ជាក់ទៀតថា នៅសាធារណរដ្ឋកូរ៉េ មានប្រព័ន្ធគ្រប់គ្រងពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះមានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង ៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះតែងតែមានអ្នកចេះភាសារបស់ពលករនៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរនៅប្រចាំការក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ នៅពេលដែលពលករមានបញ្ហាណាមួយ ពលករអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង។

ក្រៅពីមជ្ឈមណ្ឌលគាំពារពលករនេះ កម្ពុជាក៏មានទីប្រឹក្សាការងារទទួលបន្ទុកពលករចំនួន ២នាក់ នៅប្រចាំការអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ ព្រមជាមួយមន្ត្រីនៃគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រង់ចាំទទួលប្រឹក្សា និងជួយដោះស្រាយបញ្ហាការងារនៅសាធារណរដ្ឋកូរ៉េផងដែរ។

លោកឯកអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់ថា បើតាមមតិភាគច្រើនពីនិយោជកកូរ៉េចំពោះពលករកម្ពុជា គឺពួកគេពិតជាមានការពេញចិត្តចំពោះសមត្ថភាពការងារ និងភាពអត់ធ្មត់នឹងការងាររបស់ពលករកម្ពុជាយ៉ាងខ្លាំង។

បើតាមឯកអគ្គរដ្ឋទូតរូបនេះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េរបស់លោក ឱ្យជួយបង្កើនកូតាទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បន្ថែមឱ្យបានកាន់ច្រើន។ មកដល់ពេលបច្ចុប្បន្ន ពលករបរទេសដែលធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន ១៦ប្រទេស ក្នុងនោះចំនួនពលករកម្ពុជាពិតជាមានកើនឡើងកាន់តែច្រើន ក្នុងចំណោមពលករបរទេសដទៃទៀត។

មុនពេលចាកចេញពីមាតុភូមិកម្ពុជា ពលការិនី អន កែវមុនីរតន៍ និងពលការិនី វ៉ឹក ឆេងលី បានឱ្យដឹងថា ពួកគេរំពឹងថានៅពេលបានធ្វើការនៅប្រទេសកូរ៉េ នឹងទទួលបានប្រាក់ខែខ្ពស់ ដែលអាចផ្ញើត្រលប់មកអ្នកផ្ទះរបស់ពួកគេវិញ ដើម្បីជួយឱ្យជីវភាពគ្រួសាររបស់ពួកគេកាន់តែមានភាពល្អប្រសើរជាងមុន។

ពលការិនីទាំងពីរខាងលើ ក៏បានសង្ឃឹមថា ក្នុងពេលបំពេញការងារនៅប្រទេសកូរ៉េនោះ នឹងទទួលបានចំណេះជំនាញច្បាស់លាស់មួយ ដើម្បីអាចបង្កើតមុខរបរណាមួយ ឬអាចបម្រើការងារឱ្យក្រុមហ៊ុនកូរ៉េនៅក្នុងប្រទេសកម្ពុជា នៅពេលពួកគេត្រលប់មកកម្ពុជាវិញ៕

ដកស្រង់ពី៖ Fresh News