Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៦ខែឆ្នាំនេះ នៅកម្ពុជាមានជនបរទេសរងគ្រោះ១៨១នាក់ និងជនបរទេសប្រព្រឹត្តល្មើស៤៥០នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩នេះ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានកត់សម្គាល់ឃើញថា វិនិយោគិនបរទេស និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា ហើយរងគ្រោះមានចំនួន១៦១ករណី សរុប១៨១នាក់។

ចំណែកជនបរទេសដែលប្រព្រឹត្តបានបទល្មើសមានចំនួន ៨៤ករណី ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនសរុប ៤៥០នាក់។

នេះបើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម Hotline ជាមួយជនបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ប្រាប់តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបប្រជុំមួយ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ថោង លីម បានបន្ថែមឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន១៧៨ករណី គឺថយចុះ ៩,៥% ដែលក្នុងសញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន វៀតណាម បារាំង អង់គ្លេស អាមេរិក ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេ គឺនៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហន។

លោកបានបន្តឱ្យដឹងថា ក្រៅពីជនបរទេសរងគ្រោះ គឺនៅមានជនបរទេសប្រព្រឹត្តបទល្មើសចំនួន ៨៤ករណីផងដែរ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនសរុប ៤៥០នាក់ (១៧សញ្ជាតិ) លើបទល្មើស ១១ប្រភេទ (បើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន៨៨ករណី គឺថយចុះ៤,៥៤%)។

សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង អ៊ុយក្រែន ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អ ជាមួយបណ្តាស្ថានទូត និងស្ថានតំណាងបេសកកម្មនានា រួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានាក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្មប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសបានប្រតិបត្តិការអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយសង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេសបានទាន់ពេលវេលា៕

ដកស្រង់ពី៖ Fresh News