បណ្តាញសង្គម

ឧកញ៉ា គង់ គ្រឹង ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅឱ្យចូលបំភ្លឺពីបទល្មើសព្រៃឈើ, គិតត្រឹមរសៀលថ្ងៃនេះ មន្រ្តីកំពុងបន្តការសួរនាំ

(ក្រចេះ)៖ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ គិតត្រឹមរសៀលថ្ងៃនេះ លោកឧកញ៉ា គង់ ក្រឹង ត្រូវបានក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងបន្តការសួរនាំនៅឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា «ក្រុមការងាររបស់យើង មិនទាន់ចប់ការសួរនាំនៅឡើយទេ ដោយកោះហៅសួរនាំតាំងពីម៉ោង៩ព្រឹកមិញ»។

យ៉ាងណាក៏ដោយនោះ បើតាមលោកឧត្តមសេនីយ៍ឯក ហុង វិណុល ការសម្រេចយ៉ាងណានោះ រង់ចាំការសួរនាំចប់សិន។ សូមបញ្ជាក់ថា ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។

ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា៕

ដកស្រង់ពី៖ Fresh News