Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីទេសចរណ៍៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះមិនបង្កគ្រោះថ្នាក់ដល់ទេសចរឡើយ តែខូចខាតផ្លូវចូលទៅសហគមន៍មួយចំនួន

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា ភ្លៀងធ្លាក់ផ្ទួនៗគ្នានាពេលប៉ុន្មានថ្ងៃមកនេះ មិនបានបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរម្នាក់ណាឡើយ គ្រាន់តែបង្អាក់ដំណើរទេសចរណ៍មួយចំនួនប៉ុណ្ណោះ តែវាក៏បង្កការខូចខាតផ្លូវធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍មួយចំនួនដែរ ដែលទាមទារឱ្យអ្នកពាក់ព័ន្ធប្រញាប់រកដំណោះស្រាយឱ្យបានឆាប់។

ការបញ្ជាក់របស់លោក ថោង ខុន យ៉ាងដូច្នេះត្រូវបានធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាទូទៅនៅរដូវភ្លៀងធ្លាក់ ទេសចរមិនសូវចេញដើរកម្សាន្តប៉ុន្មានទេ។ លោកបានស្ដាប់របាយការណ៍ពីមន្ទីរទេសចរណ៍នៅតាមបណ្ដាខេត្តនានាមក ឃើញថាមិនមានបញ្ហាប៉ះពាល់ ឬគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណាម្នាក់ទេ។

លោកបានបញ្ជាក់ទៀតថា បញ្ហាការពារសុវត្ថិភាពភ្ញៀវទេសចរ នារដូវវស្សានេះ លោកបានដាក់អនុសាសន៍ទៅកាន់មន្ទីរទេសចរណ៍រាជធានី-ខេត្តនានារួចហើយ ប៉ុន្តែនៅជួបបញ្ហាមួយទៀត គឺការខូចខាតផ្លូវធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍មួយចំនួន ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងទៅ និងប៉ុន្មានថ្ងៃថ្មីៗមកនេះ។

លោក ថោង ខុន បានលើកឡើងពីស្ថិតិភ្ញៀវទេសចរផងដែរថា ចំពោះភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវអឺរ៉ុបមានការធ្លាក់ចុះខ្លះដែរ ដោយសាររដូវនេះជារដូវវស្សា ភ្ញៀវមិនសូវចេញដើរក្រៅប្រទេស ហើយនៅប្រទេសអឺរ៉ុបក៏ជារដូវរំហើយ ដែលពួកគេចូលចិត្តដើរកម្សាន្តនៅក្នុងប្រទេសរបស់ពួកគេ។

ចំណែកភ្ញៀវទេសចរជាតិវិញ ក៏គ្មានការព្រួយបារម្ភអំពីការធ្លាក់ចុះដែរ ថ្វីដ្បិតរដូវនេះជារដូវវស្សាក៏ពិតមែន ប៉ុន្តែនៅកម្ពុជាក៏មានពិធីបុណ្យប្រពៃណីជាតិមួយ គឺពិធីបុណ្យដាក់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ដែលជាកត្តាជំរុញចរន្តភ្ញៀវទេសចរដ៏ខ្លាំងក្លា។ លោកថ្លែងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋនឹងទៅលេងស្រុកកំណើត នារដូវបុណ្យភ្ជុំខាងមុខនេះ បន្ទាប់ពីទៅដល់ផ្ទះហើយ ពួកគាត់នឹងទៅធ្វើបុណ្យទាននៅតាមវត្តអារាម ហើយអាចទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាផងដែរ»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានដាក់ទិសដៅទៅដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តនានា ឱ្យត្រៀមរៀបចំកិច្ចការការពារសុវត្ថិភាព ពង្រឹងបញ្ហាអនាម័យ គុណភាពសេវាកម្ម ចំណតយានយន្ត និងកែលម្អផ្លូវធ្វើដំណើរឱ្យបានល្អនៅតាមរមណីដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ វត្តអារាមនានាដែលទេសចរនិយមទៅទស្សនាកម្សាន្តច្រើន និងកន្លែងទេសចរណ៍ដទៃទៀត ដើម្បីទទួលភ្ញៀវទេសចរប្រកបដោយភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ច៕

ដកស្រង់ពី៖ Fresh News