បណ្តាញសង្គម

សល់៣ថ្ងៃទៀតប្រឡងបាក់ឌុប! ក្រសួងអប់រំ ដឹកជញ្ជូន​ហឹប​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​-ខេត្តអស់ហើយ ​ត្រៀម​សម្រាប់​ការ​ប្រឡង

(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ នឹងចូលមកដល់។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា នៅព្រឹកនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តបានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧,០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ មណ្ឌលប្រឡងចំនួន១៩៥មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦មណ្ឌល ព្រមទាំង ៤,៧១៦បន្ទប់៕

ដកស្រង់ពី៖ Fresh News