បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តឲ្យរៀបចំសិក្ខាសាលាបំប៉នជំនាញបន្ថែមដល់ពិធីករ ពិធីការិនី តាមបណ្តាស្ថាប័នព័ត៌មាន

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ហ៊ុយ សារ៉ាវុធ បានលើកទឹកចិត្តឲ្យអ្នកពាក់ព័ន្ធ រៀបចំសិក្ខាសាលាបំប៉នជំនាញបន្ថែមដល់ពិធីករ ពិធីការិនី តាមបណ្តាស្ថាប័នព័ត៌មានយ៉ាងតិច៦ខែម្តង ឬយ៉ាងយូរ១ឆ្នាំម្តង។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាមួយ ស្តីពី «ការពង្រឹងសមត្ថភាពក្រមសីលធម៌ និងការងារទប់ស្កាត់អំពើជួញដូរមនុស្ស ដល់អ្នកអានព័ត៌មាន ពិធីករវិទ្យុទូរទស្សន៍» នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ។ 

ក្នុងសិក្ខាសាលានោះ ក៏មានការចូលរួមពីសំណាក់ វាគ្មិនជំនាញសំខាន់ៗមកពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងក្រសួងមហាផ្ទៃ អ្នកជំនាញសារព័ត៌មាន និងអ្នកជំនាញខាងអក្សរសាស្ត្រជាតិ មកពីរាជបណ្ឌិតសភាកម្ពុជា ដែលប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យអន្តរជាតិ (IU) ទល់មុខមន្ទីរពេទ្យសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហ៊ុយ សារ៉ាវុធ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសំណូមពរដល់គណៈកម្មការរៀបចំសិក្ខាសាលានេះ បើអាចធ្វើទៅបាន គឺថាយ៉ាងតិចធ្វើ៦ខែម្តង ឬយ៉ាងយូរ១ឆ្នាំម្តង បើអាចធ្វើទៅបាន»។

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះបានបន្តថា «ការលើកទឹកចិត្តឲ្យមានការរៀបចំសិក្ខាសាលានេះយ៉ាងតិចធ្វើ៦ខែម្តង ឬយ៉ាងយូរ១ឆ្នាំម្តង ព្រោះថាយើងត្រូវការធនធានមនុស្សច្រើន ដើម្បីធ្វើការសរសេរព័ត៌មាន និងអានព័ត៌មាន»។

ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ត្រូវចែករំលែកបន្តនូវចំណេះដឹងទាំងអស់ ដែលទទួលបានពីវាគ្មិន ទៅកាន់សហការីដែលមិនបានចូលរួម ដើម្បីចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និងដើម្បីឲ្យប្រទេសកម្ពុជា ទទួលបាននូវសង្គមមួយដែលល្អឥតខ្ចោះ៕

ដកស្រង់ពី៖ Fresh News