បណ្តាញសង្គម

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ

(ស្វីស)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា»។

ការចូលរួមកម្មវិធីនេះ ក៏ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត សម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃ កសិផល ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។

នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ លោក ខាលវីន ហ្គ្រីដ័រ (Calvin Grieder) និងនាយកប្រតិបត្តិ លោក ស្តេវហ្វាន ច្រាយប័រ (Stefan Scheiber) លោករដ្ឋមន្ត្រី បានលើកឡើងថា ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែម ក្នុងវិស័យកសិកម្មនៅកម្ពុជា ជាការងារសំខាន់ និងជាការងារអាទិភាពសម្រាប់កម្ពុជា ដើម្បីបង្កើនការរួមចំណែករបស់កសិកម្ម ក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍឧស្សាហកម្ម នៅកម្ពុជាផងដែរ។

ចំពោះវិស័យនាំចេញស្រូវអង្ករវិញ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាង ក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។

ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួល សម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិន ជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិត នៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ លើសពីនោះថែមទៀត ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បានជម្រាបជូនថា ក្រុមហ៊ុនប៊ូល័រ ពិតជាមានសេចក្ដីរីករាយដែលបានចូលរួមក្នុងការអនុវត្តគម្រោងនេះ និងផ្ដល់ឧបករណ៍ដែលមានគុណភាពខ្ពស់ និងមានកិត្តិនាមថ្មីក្នុងពិភពលោកសម្រាប់កម្ពុជា។ លោកបានជម្រាបបន្ថែមថា ក្រុមហ៊ុនប៊ូល័រ មិនត្រឹមតែមានឧបករណ៍សម្រាប់សម្ងួតស្រូវ ឬកសិផលដទៃទៀតនោះទេ ក្រុមហ៊ុនក៏មានឧបករណ៍ច្រើនប្រភេទសម្រាប់កិន និងកែច្នៃកសិផល ទៅជាផលិតផលសម្រេច ដូចជាម្ហូបអាហារ និងចំណីសត្វ និងឧបករណ៍វិភាគសុវត្ថិភាពចំណីអាហារ ជាដើម។

ជាមួយនឹងការកសាងឡសម្ងួត និងឃ្លាំងស្ដុក ក្រុមហ៊ុនប៊ូល័រ នឹងផ្ដល់ការបណ្ដុះបណ្ដាល ដល់អ្នកប្រតិបត្តិការរោងចក្រ និងឃ្លាំងបន្ថែមទៀត។

ក្រោយពីកិច្ចពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញធ្វើទស្សនកិច្ចក្នុងក្រុមហ៊ុនប៊ូល័រ ដូចជាមជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទីកន្លែងអនុវត្តបង្ហាញ។ សូមជម្រាបថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងសង់ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ១៣ពាន់តោនក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ចំពោះកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) មានការចូលរួមពីភ្ញៀវចំនួន ៨០០នាក់ មកពីក្រុមហ៊ុនចំនួន២០០ និងប្រទេសចំនួន៨០ ប្រទេស៕

ដកស្រង់ពី៖Fresh News