បណ្តាញសង្គម

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ

(បាងកក)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ នាសណ្ឋាគារ Shangri-La នាទីក្រុងបាងកក ប្រទេសថៃ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៥ ខែសីហាមកបានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

ក្រោយថៃធ្វើជាម្ចាស់ផ្ទះនេះ នៅឆ្នាំក្រោយ មហាសន្និបាតអាយប៉ាលើកទី៤១ សភាប្រទេសវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះវិញម្តង ដោយនឹងធ្វើឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នាទីក្រុងហាឡុង។

ក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) បានអនុម័តសេចក្តីសម្រេចចំនួនពីរ លើប្រធានបទ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅក្នុងសហគមន៍អាស៊ាន និងបញ្ហាគម្លាតយេនឌ័រក្នុងបទប្បញ្ញត្តិបច្ចេកវិទ្យា។

គណៈកម្មាធិការសេដ្ឋកិច្ច បានអនុម័តសេចក្តីសម្រេចចំនួន៤ ដែលមានប្រធានបទដូចជា ការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងសហគមន៍អាស៊ាន ការធ្វើឲ្យល្អប្រសើរលើកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤ ការគំាទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមជាដើម។

គណៈកម្មការសង្គមកិច្ចបានអនុម័តសេចក្តីសម្រេចចំនួន៦ ដែលនិយាយពីការលើកកម្ពស់សេវាសង្គមដល់មនុស្សចាស់ ពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ជាដើម។ ចំណែកគណៈកម្មការរៀបចំ បានពិភាក្សាសេចក្តីសម្រេចចំនួន១៧ ដែលនិយាយពីការពង្រឹងសកម្មភាពរបស់អគ្គលេខាធិការដ្ឋានAIPA និងបណ្តាដៃគូ។

មហាសន្និបាត អាយប៉ាលើកទី៤០ បានជួបសន្ទនាជាមួយប្រទេសសង្កេតការណ៍ មានដូចជា អូស្រា្តលី កាណាដា ចិន រុស្ស៊ី សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «ភាពជាដៃគូដើម្បីអនុវត្តច្បាប់ល្អ»។

លោក ឈួន លីផៃ ប្រធានសភាប្រទេសថៃ និងជាប្រធាន AIPA លើកទី៤០ បានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំសភា និងសមាជិកគណៈប្រតិភូអាយប៉ាទំាង១០ ដែលបានខិតខំចែករំលែកទស្សនទាន លើប្រធានបទសំខាន់ៗ រហូតសម្រេចបានជាសេចក្តីសម្រេច ដែលជាយន្តការសំខាន់ សម្រាប់ការអនុវត្តនៅតាមប្រទេសនីមួយៗ ក្នុងការកសាងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ក្នុងគ្រួសារអាស៊ានក៏ដូចជាពិភពលោកមួយដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍ដោយចីរភាព។

លោកបានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលតំបន់និងពិភពលោក មានការប្រឈមដូចពេលបច្ចុប្បន្ននេះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ជាកក្តាសំខាន់ក្នុងការស្វែងរកសេចក្តីសុខ និងការអភិវឌ្ឍជូនពលរដ្ឋ ពីសំណាក់តំណាងរបស់ពួកគាត់។ លោកប្រធានមហាសន្និបាត សង្ឃឹមថា បញ្ហាស្មុគស្មាគនៃការប្រែប្រួអាកាសធាតុ ការជ្រុលនិយម ការប្រកួតប្រជែងពាណិជ្ជកម្ម និងការដោះស្រាយបានតាមរយៈការរឹងចំណងកិច្ចសហប្រតិបត្តិការរវាងអាយប៉ានិងអាស៊ាន។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថាអាយប៉ា (AIPA) ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានសមាជិក១០ប្រទេស គឺ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូអាស៊ាន ក្នុងការជំរុញឲ្យបានសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤០ ប្រារព្ធធ្វើនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកបដោយចីរភាព»៕

ដកស្រង់ពី៖ Fresh News