បណ្តាញសង្គម

អភិបាលខណ្ឌឫស្សីកែវ ចាត់ឲ្យមន្ត្រីយកគ្រឿងបរិភោគ និងថវិកាចូលរួមរំលែកទុក្ខភរិយាមេភូមិ៣ និងពលរដ្ឋក្រីក្រមរណភាព

(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀមក្រំបំផុត ថាប្រជាពលរដ្ឋក្រីក្រមួយ និងភរិយាមេភូមិ៣ សង្កាត់ច្រាំងចំរេះទី១ បានទទួលមរណភាព និងរៀបចំធ្វើបុណ្យតាមប្រពៃណី, លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានចាត់ឲ្យលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំសហការី អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ក្នុងការនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចូលរួមឧបត្ថម្ភរំលែក្ខទុក្ខភ្លាមៗ ដែលនេះជាការឆ្លុះបញ្ចាំងឲ្យឃើញពី ការយកចិត្តទុកដាក់ រវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ តាមអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ផ្ដាំផ្ញើនាឱកាសនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ប្រជាពលរដ្ឋក្រីក្រ និងក្រុមគ្រួសារសពភរិយាលោក មុំ ផៃ មេភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ពីសំណាក់លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ, លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ បានសម្ដែងនូវការសោកស្ដាយយ៉ាងក្រៃលែង ដែលនេះជាការបាត់បង់សមាជិកគ្រួសារ, បាត់បង់ប្រពន្ធ និងបាត់បង់ម្ដាយ ជាទីស្រលាញ់។

ជាមួយគ្នានេះ ក្រៅពីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងមន្ត្រីរាជការទូទាំងខណ្ឌ, ក្រុមគ្រួសារសពយុវជនក្រីក្រ និងក្រុមគ្រួសារសព ភរិយាលោក មុំ ផៃ មេភូមិ៣ សង្កាត់ច្រាំងចំរេះទី១ សូមជូនពរក្រុមការងារទាំងអស់ ឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ៕

ដកស្រង់ពី៖ Fresh News