បណ្តាញសង្គម

ប្រតិភូព្រឹទ្ធសភា និងអាជ្ញាធរខេត្តឧត្តរមានជ័យ ជួបពិភាក្សាលើការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

(ឧត្តរមានជ័យ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ ខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយលោក ឃិន ញ៉ាណ អភិបាលខេត្តស្តីទី ខេត្តឧត្តរមានជ័យ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងថា ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញតិ្ត បច្ចុប្បន្នព្រឹទ្ធសភាស្ថិតនៅក្នុងនីតិកាលទី៤ ដែលមានអាណត្តិរយៈពេល ៦ឆ្នាំ។

អង្គការចាត់តាំងកំពូលរបស់ព្រឹទ្ធសភា គឺគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា ដែលមានសមាសភាព ចំនួន១៣រូប ក្នុងនោះមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធានទី១ លោក ទេព ងន អនុប្រធានទី២ និងប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា ជាសមាជិក។

លោកបានបញ្ជាក់ថា ព្រឹទ្ធសភាប្រជុំសាមញ្ញ២ដង ក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេល៣ខែ និងរយៈពេល៣ខែទៀត ស្ថិតក្នុងចន្លោះសម័យប្រជុំ ជាពេលដែលគណៈកម្មការទាំង១០ ត្រូវបំពេញបេសកកម្មតាមដាន និងឈ្វេងយល់អំពីប្រសិទ្ធសភាព និងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តច្បាប់ជាសមត្ថកិច្ចរបស់ខ្លួន។

លោក ឃិន ញ៉ាណ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងទឹកដីខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។

ក្នុងនោះដែរ ចំពោះការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋានដែលមានស្រាប់ រួមជាមួយអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតម្រង់ទិសឱ្យមន្ត្រីរាជការទាំងអស់បំពេញការងារដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។

អភិបាលខេត្តស្តីទី បានបញ្ជាក់ថា ការកំណែទម្រង់រដ្ឋបាលសាធារណៈ យើងសង្កេតឃើញថា មានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរួមាន៖

ទី១៖ បានផ្លាស់ប្តូរឥរិយាបទ វប្បធម៌ និងរបៀបធ្វើការងាររបស់ភ្នាក់ងារសាធារណៈ ស្ថាប័ន ពិសេសការធ្វើទំនើបកម្មត្រូវតែស្របទៅនឹងបរិបថ តម្រូវការ និងកាលៈទេសៈរបស់ប្រទេស

ទី២៖ បានបង្កើតសមត្ថភាពជំនាញ ជួយដោះស្រាយបញ្ហាយេនឌ័រ ក្នុងការអនុវត្តគណនេយ្យភាពសង្គម

ទី៣៖ បានលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពទទួលព័ត៌មាន នាំឱ្យមានការជឿជាក់ និងទុកចិត្ត ការចូលរួម និងទប់ស្តាត់អំពើពុករលួយ

និងទី៤៖ បានបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ពង្រឹងគណនេយ្យភាព និងលទ្ធិប្រជាធិបតេយ្យ។

លោក ឃិន ញ៉ាណ បានបន្ថែមថា លទ្ធផលដែលបានលើកឡើងខាងលើ គឺជាសមិទ្ធផលសម្រេចបានរបស់ខេត្ត ក៏ដូចជាបណ្តាវិស័យជំនាញ ក្នុងខេត្ត ដែលក្នុងនោះមានបញ្ហាសេសសល និងទិសដៅថ្មីៗ ដែលខេត្តបានដាក់ចេញត្រូវអនុវត្តជាបន្ត ថ្នាក់ដឹនាំខេត្ត និងជំនាញគ្រប់ថា្នក់ បាននឹងកំពុងខិតខំ និងបេ្តជ្ញាក្នុងការពុះពាររួមគ្នាដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាថែមទៀត។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់អភិបាលខេត្តស្តីទី និងមន្ទីរពាក់ព័ន្ធជំវិញខេត្តរួចមក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមន្ស និងសូមកោតសរសើរ ចំពោះឯកឧត្តមអភិបាលខេត្តស្តីទី និងសហការី ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើឱ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានខេត្តឧត្តរមានជ័យ មានការអភិវឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះលោក ម៉ម ប៊ុននាង ណែនាំឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវចាតវិធានការ ឱ្យបានម៉ឺងម៉ាត់ ក្នុងការប្រុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រមទាំងទប់ស្កាត់ការ គ្រោះថ្នាក់ចរាចរណ៍ នៅមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ដោយឡែក ចំពោះបញ្ហាប្រឈម និងសូមសំណូមពរនានា ដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងព្រឹទ្ធសភា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

ដកស្រង់ពី៖ Fresh News