បណ្តាញសង្គម

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ទីក្រុងបូកគោ នឹងលេចត្រដែតឡើងលើភ្នំបូកគោ ក្រោមទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍

(ភ្នំពេញ)៖ ក្នុងចក្ខុវិស័យឆ្នាំ២០៣៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការអភិវឌ្ឍឧទ្យានជាតិព្រះមុនីវង្ស បូកគោ ទៅជាទីក្រុងឆ្លាតវៃទេសចរណ៍ប្រវត្តិសាស្ត្រ បៃតង ធម្មជាតិ អាកាសធាតុ និងទេសភាពដ៏ពិសិដ្ឋថ្មីមួយ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដែលគម្រោងអភិវឌ្ឍន៍នេះត្រូវបានគេឱ្យឈ្មោះថា «គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ»។

នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រុមការងារជំនាញនៃក្រសួងរៀបចំដែនដី បានសិក្សាស្រាវជ្រាវឃើញថា ភូមិសាស្រ្តឧទ្យានជាតិព្រះមុនីវង្ស បូកគោ មានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទៅជាទីក្រុងទេសចរណ៍ដ៏ពិសិដ្ឋមួយ។

ភ្នំបូកគោ ពិតជាមានអាកាសធាតុត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិ តំបន់ភ្នំ និងសមុទ្រដ៏ល្អឯកគ្មានពីរ។ ក្រៅពីនេះក៏មានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ដូចជា អគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា កាស៊ីណូ សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី ទំនប់ទឹកបារាំង ផ្ទះជប៉ុនជាដើម។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា ក្រុមកាងាររបស់ក្រសួងក៏បានធ្វើការសិក្សាវិភាគឃើញអំពីសក្តានុពលរូបវន្តភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម ទេសចរណ៍ វប្បធម៌ កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយចីរភាព និងប្រសិទ្ធភាពផងដែរ។

ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ និងដើម្បីបង្ហាញកិត្យានុភាពជាតិ តាមរយៈការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងរៀបចំដែនដី បានផ្តួចផ្តើមរក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ក្នុងចក្ខុវិស័យឆ្នាំ២០៣៥។

លោក ជា សុផារ៉ា បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ អ្នកវិនិយោគ និងធុរជនជាតិ-អន្តរជាតិទាំងអស់ ពិនិត្យលទ្ធភាពចូលរួមវិនិយោគគម្រោងអភិវឌ្ឍក្រុងបូកគោ ក៏ដូចជាវិនិយោគនៅកម្ពុជាមានជាអាទិ៍ ការអភិវឌ្ឍទេសចរណ៍ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ និងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយ និងម៉ាស៊ីនប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង-រាវ លំហសាធារណៈ និងផ្ទះបៃតង បរិក្ខារទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មានបរិយាប័ន្ន មានភាពធន់ និងមានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ក្រុងបូកគោនេះ ត្រូវបានរាជរដ្ឋាភិបាលបានសម្រេចជាផ្លូវនៅខែមិថុនា ឆ្នាំ២០១៩ ហើយវាត្រូវបានគេរំពឹងថានឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀត នៃការអនុវត្តគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕

ដកស្រង់ពី៖ Fresh News