បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅតែចាត់ទុកថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ស្ពាន គឺជាអាទិភាពមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ និងមានអមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងគ្រប់គ្រងផ្លូវជនបទប្រមាណជាង ៤ម៉ឺនគីឡូម៉ែត្រ ហើយផ្លូវមួយចំនួនត្រូវបានធ្វើការកែលម្អជាបណ្ដើរៗពីផ្លូវក្រាលក្រួស ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងជាផ្លូវបេតុងចំពោះតំបន់ណាដែលលិចទឹក ដើម្បីបង្កលក្ខណងាយស្រួលដល់ការធ្វើចរាចរណ៍ ក៏ដូចជាការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ទៀតថា ស្ពានបេតុងហាន់ជ័យត្រូវបានចាត់ទុកថា ជាស្ពានដែលវែង ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីស្ពាន បេតុងនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងស្ពានក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ស្ពាននេះមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ព្រោះបានតភ្ជាប់ចរាចរណ៍ពីភូមិមួយទៅភូមិមួយទៀត និងពីតំបន់មួយទៅតំបន់មួយទៀត ធ្វើការផ្លាស់ប្ដូរទំនិញទៅកាន់ទីផ្សារបានទាន់ពេលវេលា និងបង្កើនប្រាក់ចំណូលគ្រួសារ ជាពិសេសងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន និងបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាសាធារណៈបានទាន់ពេលវេលា និងសន្សំសំចៃថវិកាទៀតផង។ លោកបណ្ឌិត ក៏បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស សាងសង់ស្ពាននេះឲ្យបានល្អ និងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងតាមលក្ខណៈបច្ចេកទេស ដើម្បីធានាទាំងគុណភាពនិងសោភ័ណ្ឌភាព។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ដោយសារតែស្ពានដែកហាន់ជ័យចាស់ បានសាងសង់ឡើងកាលពីឆ្នាំ២០០០ មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចឲ្យរថយន្តធុនធំឆ្លងកាត់បាន ក្រសួងអភិវឌ្ឍន៍ជនបទក៏បានស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានសាងសង់ស្ពានបេតុងថ្មីប្រវែង ១២៦ម៉ែត្រ ទទឹង ១០ម៉ែត្រ កំពស់អតិប្បរិមា ១២.៦០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងប្រវែង ៥៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម នេះ។

សំណង់ស្ពាននេះបានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិកាជាតិ ជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៤៥%ហើយ និងគ្រោងនឹងសាងសង់ឲ្យរួចរាល់នៅអំឡុងចុងឆ្នាំ២០១៩ខាងមុខនេះផងដែរ៕

ដកស្រង់ពី៖ Fresh News