បណ្តាញសង្គម

ព្រឹកនេះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចាកចេញពីកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ

(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា នឹងអញ្ជើញចាកចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ប្រកបដោយជោគជ័យ។

អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដោយបានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងការចុះហត្ថលេខាលើឯកសារចំនួន២ ព្រមទាំងជួបសម្តែងការគួសមជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីផងដែរ។

លោក មហាធា មហាម៉ាត់ ក៏បានអញ្ជើញធ្វើបាឋកថាស្តីពី «ការរក្សាតុល្យភាពនៃទំនាក់ទំនងជាមួយប្រទេសមហាអំណាចក្នុងបរិបទអាស៊ាន» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃដំបូងនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក មហាធា មហាម៉ាត់ គឺជាវេជ្ជបណ្ឌិតមួយរូប ដែលបានបញ្ចប់មហាវិទ្យាល័យផ្នែកសុខាភិបាល ហើយលោកជាអ្នករកស៊ីលើវិស័យសុខាភិបាលផងដែរ មុនចូលប្រឡូកក្នុងឆាកនយោបាយ។ មកដល់ពេលបច្ចុប្បន្នលោក មហាធា មានអាយុ ៩៤ឆ្នាំហើយ តែលោកត្រូវបានគេមើលឃើញថា នៅមានរាងកាយរឹងមាំនៅឡើយ។

លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

 

 

ដកស្រង់ពី៖ Fresh News