បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈកម្ពុជាកំពុងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី១៤ កាហ្ស៊ីគី

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក។

នេះបើយោងតាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fesh News ទទួលបាននៅមុននេះបន្ដិច នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារាចរណែនាំ ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា «យោងតាមការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។

ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ»។

យោងតាមការព្យាករកម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា៖

* ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ០៨ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១២,៣៥ ម៉ែត្រ ( កម្ពស់ប្រកាសអាសន្ន ១២,០០ ម៉ែត្រ )

* ស្ថានីយជលសាស្ត្រខេត្តក្រចេះ ៖ នៅថ្ងៃទី ០៩ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ២៣,២០ ម៉ែត្រ ( កម្ពស់ប្រកាសអាសន្ន ២៣,០០ ម៉ែត្រ )

* ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម ៖ នៅថ្ងៃទី ១០ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១៥,៧០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )

* ស្ថានីយជលសាស្ត្របាសាក់ ចតុមុខ រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ៩,៤៥ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ )

* ដោយឡែក ចំពោះកម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ

* ទន្ទឹមនោះទឹកនៅតាមបណ្តាស្ទឹងមួយចំនួន ក៏បាន និងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។ ជាមួយនឹងគ្រោះធម្មជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ Fresh News