បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យការកាយអូរប្រឡាយធម្មជាតិ ដើម្បីរំដោះទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ដ្រីបច្ចេកទេស ក្រោមឱវាទក្រសួង ចុះពិនិត្យមើលការកាយអូរ ប្រឡាយធម្មជាតិ ដើម្បីរំដោះទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ដ្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានធ្វើឲ្យក្រុងព្រះសីហនុ ទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផ្សេងៗ ត្រូវបានខូចខាតយ៉ាងដំណំ។ សូមបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅក្រុងព្រះសីហនុ បង្កឡើងដោយបរិមាណទឹកភ្លៀងច្រើនលើសលប់ និងប្រព័ន្ធប្រឡាយបង្ហូរទឹកមានការកកស្ទះ ហើយបច្ចុប្បន្នអូរធម្មជាតិ ចំនួន៥សម្រាប់រំដោះទឹកភ្លៀង ទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ រួមមាន៖ អូរឈើទាល អូរសំអាត អូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ និងអូរអេម៉ារីអូ កំពុងត្រូវបានរួមតូចដោយសាររងការបែកបាក់ កកស្ទះដោយសារសម្រាម និងដី និងអូរប្រឡាយធម្មជាតិរាក់ដោយសារដីកកស្ទះ និងការរំលោភដោយសាងសង់សំណង់អគារចូលក្នុងដីអូរ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យនាពេលនោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងត្រៀមសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចេញគ្រឿងចក្រ ក្នុងការដោះស្រាយកាយប្រព័ន្ធលូដែលកកស្ទះឲ្យបានធំ ងាយស្រួលរំដោះទឹកចេញពីទីក្រុងឲ្យបានឆាប់ ជៀសវាងផលប៉ះពាល់ផ្លូវថ្នល់ ការស្ទះចរាចរណ៍ និងពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់គម្រោងហិរញ្ញប្បទានទឹកប្រាក់ ប្រមាណ១០០លានដុល្លារអាមេរិក និងពីវិស័យឯកជន ប្រមាណ៤០០លានដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ស្តារ ជួសជុល និងថែទាំផ្លូវនៅខេត្តព្រះសីហនុ ចំនួន២២ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។ គួរកត់សម្គាល់ថា ថ្ងៃនេះក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរដែនដី បានចុះពិនិត្យមើលអាទិភាព និងសិក្សាហេដ្ឋារចនាសម្ព័ន្ធកំណាត់ផ្លូវចំនួន២២ខ្សែនេះ ដែលត្រូវស្តារ ជួសជុលធ្វើឲ្យប្រសើរឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ការវិនិយោគ ការដឹកជញ្ជូនទំនិញនាំចេញ នាំចូល កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសក្ដានុពលសេដ្ឋកិច្ចខ្ពស់របស់ជាតិ ក៏ដូចជាដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាននានាឆ្នាំ២០២២ នាពេលខាងមុខ៕

ដកស្រង់ពី៖ Fresh News