បណ្តាញសង្គម

រដ្ឋមន្ត្រី​​ទាំង​បី​ នឹង​​ឆ្លើយ​បំភ្លឺ​​​រួម​គ្នា ​​នៅ​​វិមានរដ្ឋសភា​​ជាតិ នៅ​ព្រឹក​​​ថ្ងៃ​ទី​​៧ ខែ​សីហា ខាងមុខនេះ

ភ្នំពេញ៖ នេះជាលើកដំបូងហើយ នៅក្នុងប្រវត្តិ នៃវេទិការដ្ឋសភា ដែលត្រូវសួរដេញ ដោលសមាជិករដ្ឋាភិបាល ម្តង៣រូប ក្នុងពេលតែមួយ។ ឯកឧត្តម ញ៉ែម ថ្ថាវី តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស នៃរដ្ឋសភា បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃសុក្រនេះថា រដ្ឋសភា បានកំណត់យក ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ដើម្បីស្តាប់ ការបំភ្លឺរបស់ រដ្ឋមន្ត្រីទាំង៣រួមគ្នា ក្នុងពេលតែមួយ។

យោងតាមការពន្យល់ របស់តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ដដែល សំណួរ ដែលរបស់អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ដែលនិយាយអំពី បញ្ហាទឹក ប្រព័ន្ធផ្លូវទឹក បរិស្ថាន និងទឹក សម្រាប់ការធ្វើស្រែចម្ការ បានពាក់ព័ន្ធ នឹងរដ្ឋមន្ត្រីទាំង៣ក្រសួង។ ឯកឧត្តម បន្តថា ដូច្នេះរដ្ឋសភា ផ្តល់វេទិកាអោយ រដ្ឋមន្ត្រីទាំង៣ ជួយឆ្លើយគ្នា។

រដ្ឋមន្ត្រីទាំងបីរូប រួមមាន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម អ៊ុក រ៉ាប៊ុន។

ឯកឧត្តម ញ៉ែម ថ្ថាវី បញ្ជាក់យ៉ាងដូច្នេះ៖ «តាមបទពិសោធន៍កន្លងមក រដ្ឋមន្ត្រីតែមួយរូប ពេលខ្លះ វាស្តាប់មិនអស់ចម្លើយ។ ម្តងនេះយើងផ្តល់ពេលវេលា អោយពួកគាត់៣ម៉ោង សម្រាប់ឆ្លើយតប និងបំភ្លឺសំណួរ របស់អ្នកតំណាងរាស្ត្រ។ ពេលខ្លះ គាត់អាចជួយឆ្លើយគ្នាបាន»។ អ្នកតំណាងរាស្ត្រ ដដែលបញ្ជាក់ថា នេះជាលើកដំបូង ហើយដែលរដ្ឋសភាកម្ពុជា សួរដេញដោល រដ្ឋមន្ត្រីម្តង៣រូប។

«ប្រសិនបើមាន សំណួរពីអ្នកតំណាងរាស្ត្រ បន្ថែមទៀត ពួកគេអាចសួរបន្តបាន បើសម្តេចប្រធាន អនុញ្ញាត»។ ឯកឧត្តម ញ៉ែម ថ្ថាវី បន្ថែមអោយដឹង យ៉ាងដូច្នេះ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រាប់ថា ឯកឧត្តម បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងសំណួរ របស់អ្នកតំណាងរាស្ត្រ ដោយមិនមាន ការភ័យខ្លាចឡើយ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ