បណ្តាញសង្គម

គណៈ​សង្ឃ​នាយក និងក្រសួងធម្មការ ចាត់វិធានការណ៍ លើភាពមិនប្រក្រតី នៅ​វត្ត​ទួល​រាជា

ភ្នំពេញ៖ សម្តេចព្រះសង្ឃ អំ លឹមហេង នៃគណៈសង្ឃនាយក ដោយមានការឯកភាព ពីសំណាក់ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញ សេចក្តីសម្រេចមួយ ស្តីពីការផ្លាស់ទីកន្លែងគង់នៅ របស់ព្រះសង្ឃ វត្តទួលរាជា ដែលមានទីតាំងនៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

យោងតាមសេចក្តីសម្រេច កាលពីថ្ងៃទី៣១ ខែកក្កដា សម្តេចសង្ឃ អំ លឹមហេង បានតម្រូវឲ្យ ព្រះសង្ឃទាំងអស់ នៅវត្តទួលរាជា ផ្លាស់ទៅគង់ចាំ ព្រះវស្សាលើកទី២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអចិន្ត្រៃយ៍វិញ។ ការសម្រេចនេះ ត្រូវបានព្រះអង្គ អំ លឹមហេង បញ្ជាក់ថា ដើម្បីភាពថ្លៃថ្នូរ របស់ពុទ្ធសាសនា។

ស្របពេលជាមួយគ្នានេះ សង្ឃសាមី៧អង្គ ដែលត្រូវបានដកចេញពី វត្តទួលរាជា ត្រូវបានតម្រូវឲ្យ សុំត្រៃសរណគមន៍ និងនិស្ស័យពីព្រះចៅអធិការ វត្តក្រពើហាឡើងវិញ ហើយត្រូវគង់ដោយ ភាពស្ងៀមស្ងាត់ ជៀសវាងការធ្វើ សកម្មភាពផ្ទុយនឹងវិន័យ រួមទាំងច្បាប់របស់រដ្ឋ។ សូមបញ្ជាក់ថា សំណុំរឿងវត្តទួលរាជា ដែលមានបុរសម្នាក់ ឈ្មោះ ធាន វុទ្ធី បានរងនូវការវាយប្រហារ ជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក។

លោក ធាន វុទ្ធី បានតាំងខ្លួន ជាព្រះសិរអារ្យមេត្រី ដោយស្លៀកស ពាក់ស និងមិនកោរសក់ ប៉ុន្តែបានតម្រូវឲ្យ ព្រះសង្ឃថ្វាយបង្គំខ្លួនដែលខុសពី វិន័យព្រះពុទ្ធសាសនា។ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា សកម្មភាព និងរូបភាពទាំងឡាយ ដែលបានផ្សព្វផ្សាយ តាមហ្វេសប៊ុក គឺជាចាស់ ហើយវាត្រូវបានបែកធ្លាយ ក្រោយមានទំនាស់ផ្ទៃក្នុង។

ប៉ុន្តែដោយសារមាន ការរិៈគន់ឥតឈប់ឈរ ពីសាធារណជន អាជ្ញាធររដ្ឋាភិបាល និងថ្នាក់ដឹកនាំសាសនា បានប្រើចំណាត់ការ ជាបន្តបន្ទាប់លើបុគ្គល ធាន វុទ្ធី និងវត្តទួលរាជាទាំងមូល។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថា លោក ធាន វុទ្ធី ដែលបានធ្វើទង្វើឲ្យខូចដល់សាសនានោះ រត់ទៅដល់ទីណា នោះឡើយ៕