Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចំនួន៥ ដើម្បីទទួលជោគជ័យការប្រកួតកីឡា SEA Games 2023

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានណែនាំដល់បណ្តាសហព័ន្ធកីឡាទាំងអស់ត្រូវ ត្រូវយកចិត្តទុកដាក់ ជំរុញអនុវត្តផែនការអភិវឌ្ឍទៅតាមយុទ្ធសាស្រ្តជំនាញ ឯកទេសកីឡាទាំង៥ ដើម្បីឱ្យទទួលបានភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការណែនាំបែបនេះ របស់សម្តេចពីជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញរៀបចំវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិកាណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ផែនការអភិវឌ្ឍទៅតាមយុទ្ធសាស្រ្តជំនាញ ឯកទេសកីឡាទាំង៥ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរំលឹកជូនដល់បណ្តាថ្នាក់នាំ សហព័ន្ធកីឡានោះរួមមាន៖

ទី១៖ ជំរុញបញ្ជូនកីឡាករ កីឡាការិនី ទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស រយៈពេលខ្លី មធ្យម និងវែង ប្រកបដោយសមត្ថភាព និងគុណផលកីឡាកម្រិតខ្ពស់ ដើម្បីធានាឧត្តមភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ទី២៖ ជំរុញការចូលរួមការប្រកួតកីឡាកម្រិតជ្រើសរើសជើងឯក ជម្រុះអូឡាំពិក និងជម្រុះឡើងចំណាត់ថ្នាក់ «Ranking» ជាអន្តរជាតិឱ្យបានគ្រប់កម្រិត និងតាមការកំណត់របស់សហព័ន្ធកីឡាអន្តរជាតិ។

ទី៣៖ លើកកម្ពស់ការយកចិត្តទុកដាក់បន្ថែម លើការផ្តល់គ្រូបង្វឹកអន្តរជាតិមានគុណវឌ្ឍខ្ពស់ (Qualified Coach) ដល់សហព័ន្ធកីឡាជាតិ ចាប់ពីឆ្នាំ២០២០នេះតទៅ។

ទី៤៖ យកចិត្តទុកដាក់បញ្ជូនមន្ត្រីកីឡា គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញកីឡា ក្រៅប្រទេស និងបើកវគ្គសុក្រឹត្យការជំនាញកីឡា ឱ្យបានគ្រប់កម្រិតទាំងស្តង់ដា និងទ្រឹស្ដីកីឡាជំនាញ។

ទី៥៖ លើកកម្ពស់ការផ្តល់លទ្ធភាព រៀបចំព្រឹត្តិការណ៍ ឬចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាប្រពៃណី អត្តសញ្ញាណជាតិ ដូចជា គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ ព្រមទាំងប្រភេទកីឡាផ្សេងៗទៀត ដែលត្រៀមបញ្ចូលក្នុងកម្មវិធីប្រកួតកីឡា SEA Games។ ដើម្បីសម្រេចបានយុទ្ធសាស្ត្រជំនាញ ឯកទេសកីឡាទាំង៥ខាងលើ សហព័ន្ធកីឡា អគ្គលេខាធិការដ្ឋាន គណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តការងារដូចតទៅ៖

ទី១៖ ត្រូវជំរុញផ្សព្វផ្សាយ លើកកម្ពស់ការចូលរួម អប់រំពីគុណតម្លៃកីឡា អត្ថប្រយោជន៍កីឡា និងទស្សនទាន កីឡានៃឥទ្ធិពលព្រឹត្តិការណ៍កីឡា SEA Game នៅក្នុងសង្គមជាតិ ឱ្យបានសកម្មផុសផុល និងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរកីឡា គណៈកម្មាធិការជាតិអូឡាំពិក បណ្តាប្រទេសអាស៊ីអាគ្នេយ៍សកលលោក និងចលនាអូឡាំពិកអន្តរជាតិ ដើម្បីឆ្ពោះទៅរកប្រសិទ្ធភាព នៃដំណើរការរៀបចំការប្រកួតកីឡា SEA Games។

ទីពីរ៖ ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តសហការ និងជួយសម្របសម្រួលបង្កភាពងាយស្រួល ដល់គណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡា SEA Games ដើម្បីបំពេញការងារត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA Games ដំណើរ ការបានរលូន និងមានប្រសិទ្ធភាព និងសូមអំពាវនាវ ដល់ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាព ការងារត្រៀមរៀបចំដំណើរឆ្ពោះទៅ SEA Games ឱ្យទទួលបានជោគជ័យ។

ទីបី៖ ត្រូវខិតខំកែទម្រង់ឱ្យស៊ីជម្រៅគ្រប់ពេលវេលា ពីភាពស្មុគស្មាញ មកភាពងាយស្រួល ពីការលំបាក មករលូន និងមានប្រសិទ្ធភាព ពីគុណផលកីឡាទាប មកគុណផលកីឡាខ្ពស់ និងពីខុសឆ្គង មកជ័យជម្នះ។

ជាមួយគ្នានេះសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងរបៀបរបបការងារដឹកនាំ គ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងត្រូវលុបបំបាត់ភាពមិនប្រក្រតី ឬរាំងស្ទះដល់ការអភិវឌ្ឍជំនាញកីឡារបស់ខ្លួន ឱ្យទៅជាភាពឆាប់រហ័ស ដែលអាចធ្វើទៅបាន ពីព្រោះប្រភេទកីឡាទាំងអស់ ដែលត្រៀមលក្ខណៈបញ្ចូលក្នុង SEA Games ត្រូវធ្វើការវាយតម្លៃ តាមលក្ខណៈស្តង់ដាបច្ចេកទេសកីឡា ដោយគ្មានការដាក់បញ្ចូលជ្រកក្រោម ការយោគយល់ មនោសញ្ចេតនា ឬមានសម្ពាធពី មជ្ឈដ្ឋានណាមួយឡើយ៕

ដកស្រង់ពី៖ Fresh News