បណ្តាញសង្គម

លោក ផៃ ស៊ីផាន៖ សម រង្ស៉ី កំពុងយកឈាមប្រជាពលរដ្ឋខ្មែរធ្វើជាព្រំ ដើម្បីដណ្ដើមអំណាច

(ភ្នំពេញ)៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា នយោបាយដែលទណ្ឌិត សម រង្ស៉ី ខំដើរតាមមេកើយបរទេស ដែលរៀបចំឲ្យនេះ ជានយោបាយដែលកំពុងយកឈាមប្រជាពលរដ្ឋខ្មែរ ដើម្បីធ្វើជាកម្រាលព្រំ ក្នុងការឈានទៅដណ្ដើមអំណាចតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន ត្រូវបានធ្វើនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ករណីប្រមាថព្រះមហាក្សត្រ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែល សម រង្ស៉ី ចំណេញ គឺយកឈាមរបស់ប្រជាពលរដ្ឋធ្វើជាព្រំ ដើម្បីទៅកាន់អំណាចផ្ទាល់ខ្លួន របស់លោក នេះជាអ្វីដែលយើង មើលឃើញ [...] មិនមានអ្វីចំណេញក្រៅតែពីការបាត់បង់ជីវិត បាត់បង់ជោគវាសនារបស់ប្រជាពលរដ្ឋ ដែលដើរតាម ទាំងងងឹតងងុល ចំពោះការធ្វើវិទ្ធង្សនារបស់ សម រង្ស៉ី។ សម រង្ស៉ី ចង់ចំណេញ ចង់ឃើញប្រជាពលរដ្ឋខ្មែរ ក្លាយជាជនរងគ្រោះតែប៉ុណ្ណឹង»។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ទៀតថា អ្វីដែលទណ្ឌិត សម រង្ស៉ី ខិតខំធ្វើរាល់ថ្ងៃនេះ គឺដើម្បីតែផ្គាប់ចិត្តមេកើយរបស់ខ្លួន ដែលមានទាំងសង្គ្រាមចិត្តសាស្ដ្រ ទាំងចលនាភេវរកម្មនោះ បានបញ្ចេញទាំងអស់ដើម្បីឲ្យឃើញថា លោកមានអំណាចប្រជាប្រិយ៍នៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ គ្មានពលរដ្ឋណាម្នាក់ជឿលោកទៀតនោះឡើយ។

លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា លោក សម រង្ស៉ី មិនមែនជាមនុស្សស្រលាញ់ទីផ្សារសេរីនោះទេ គឺដើរតាមរបៀបកុម្មនីស្តប៉ុណ្ណោះ។

លោកអះអាងថា «សម រង្ស៉ី មិនមែនជាបុគ្គលស្រលាញ់ អ្វីទៅដែលជាទីផ្សារសេរីនោះទេ, សម រង្ស៉ី លើកប្រកូកប្រកាសថា បើសិនជាគេឈ្នះឆ្នោត គេលុបគេបំបាត់ បំផ្លាញចោលការជំពាក់លុយធនាគារ គេបំផ្លាញចោលនូវអ្វីទៅដែលហៅថា ប្រព័ន្ធទីផ្សារសេរី គឺគេដើរតាមរបៀបកុម្មុយនីស្តមួយមុខគត់»។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ថ្មីៗនេះ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ចំពោះករណីប្រមាថ អង្គព្រះមហាក្សត្រ។

ដីកាតុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា តុលាការក៏បានបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃអគ្គនាយកដ្ឋនពន្ធនាគារ ក្រសួងមហាផ្ទៃឲ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំខ្លួនបុគ្គលនេះ ទៅបង្ហាញមុខដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត។

នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង៕

ដកស្រង់ពី៖ Fresh News