បណ្តាញសង្គម

ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន៖ ការចូលរួមថែរក្សាសន្តិភាព គឺបន្តដំណើរអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីអនាគតយើង និងកូនចៅយើង

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, តំណាងរាស្រ្ត អមដំណើរដោយលោក លោកស្រី ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបាន អញ្ជើញដឹកនាំបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមង្គលខេត្តារាមព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង១,០០០នាក់។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋមង្គលបូរីទាំងអស់។

ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងថា យុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំធ្វើឲ្យកម្ពុជា ប្រែមុខមាត់ថ្មីពីចំណុចសូន្យ ទៅស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសទាំង ក្នុងតំបន់ និងសកលលោក ទទួលស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ចពេញលេញ ទទួលបានទំនុកចិត្តធុរជន និងវិនិយោគិនមកធ្វើជាដៃគូ បណ្តាក់ទុករកស៊ីបង្កើតការងារជូនប្រជាពលរដ្ឋទាំងទីក្រុង និងជនបទពិសេសប្រែក្លាយ អតីតតំបន់វាយប្រយុទ្ធបង្ហូរឈាមគ្នា មកជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រជាលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ ដែលបានរួមគ្នាជាមួយរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសន្តិភាព បន្តដំណើរអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីអនាគតយើង កូនចៅយើង។

ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកទេយ្យទាន បច្ច័យវេរប្រគេន និងអំណោយផ្តល់ជូន វត្តមង្គលខេត្តារាមព្រះស្រែ មានទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៉ីអ៉ីវ ទឹកត្រី អង្ករ១០០គីឡូក្រោម ប្រគេនព្រះសង្ឃបច្ច័យ២៣អង្គ មួយអង្គ២ម៉ឺនរៀល ស៊ីម៉ង់១៥០តោន និងបច្ច័យកាន់បិណ្ឌវេនទី៦ សរុប៤៩,៤៦៩,០០០រៀល និង៥,០០០ដុល្លា។

អ្នកចូលរួមជាង១,០០០នាក់ ម្នាក់ៗសារុង១ និងថវិកា១ម៉ឺនរៀល។ ក្រោយពិធីបុណ្យកាន់បិណ្ឌវេនទី៦ បានបញ្ចប់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន អមដោយក្រុមការងារបានបន្តដំណើរ ទៅពិនិត្យមើលស្ថានភាពទឹកជំនន់ នៅស្ពានសំណង់សិរីមង្គល ស្ថិតនៅឃុំកសាងថ្មី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីប្រុងជើងការបង្ការជាមុន៕

ដកស្រង់ពី៖ Fresh News