បណ្តាញសង្គម

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី» នៅថ្ងៃទី២៥ ខែកញ្ញានេះ

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

បើតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ជូនសាធារណៈជន និងប្រព័ន្ធផ្សព្វផ្សាយនានា ឱ្យដឹងថា កិច្ចពិភាក្សាតុមូលនេះនឹងចាប់ផ្តើមនៅវេលាម៉ោង៨៖៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប្រកាសវិលចូលប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះនោះ កាលពីពេលថ្មីៗនេះ បានប្រកាសផ្តល់ថវិកាដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរដ្ឋាភិបាល ហើយទៅចុះចូលជាមួយលោក។

ទន្ទឹមនឹងនេះ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅតែបន្តប្រមាថដល់អង្គព្រះមហាក្សត្រ ជាទៅសក្ការៈដ៏ខ្ពង់ខ្ពស់បន្តទៀត ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។

ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

ក្នុងចំណោមសំណុំរឿងទាំង១៤ របស់ទណ្ឌិត សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕

ដកស្រង់ពី៖Fresh News 

V