បណ្តាញសង្គម

រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរចេញទស្សនានៅទូទាំងប្រទេសមានជាង ១លាន៤សែននាក់

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥%។

នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី៣០ ខែកញ្ញានេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៣៦១,២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៧៦,៧៤៨នាក់ កើនឡើង ៩៨.១៤%»។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួនជាក់ស្តែងអាចច្រើនជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកម្សាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។ លោកបានអះអាងថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា៖

* ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។

* អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។

* បើទោះបីនៅតែជាបញ្ហាស្មុគស្មាញ តែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

* បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។

លោក ថោង ខុន បានបន្ថែមថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរណ៍នេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ នាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

ដកស្រង់ពី៖ Fresh News