Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណេះដឹងអំពីកូដកម្ម-បាតុកម្មត្រូវបានបញ្ជ្រាបដល់នគរបាល ខណៈគិតត្រឹមខែសីហា ឆ្នាំ២០១៩ កូដកម្ម៣៥ករណីបានកើតឡើង

  • បោះពុម្ព

(កណ្តាល)៖ ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារ និងសិទ្ធិធ្វើកូដកម្មនិងបាតុកម្មដោយសន្តិវិធី ត្រូវបានបញ្ជ្រាបដល់មន្ត្រីនគរបាលប្រមាណ ៣០នាក់ ដែលជាគ្រូបង្គោលដ៏សំខាន់ចំពោះមុខកិច្ចការនេះ តាមរយៈវគ្គបណ្តុះបណ្តាលមួយដែលបាននិងកំពុងធ្វើឡើងនាថ្ងៃទី១-២ ខែតុលា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការរៀបចំដោយក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គការអន្តរជាតិខាងការងារ (ILO) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង៖ ១

៖ បណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រីនគរបាលឱ្យបាន ១២០នាក់ អំពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីធានាការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។

២៖ បំពេញបន្ថែមចំណេះដឹងអំពីសិទ្ធិ ក្នុងការប្រមូលផ្តុំរបស់កម្មករនិយោជិត ជាអាទិ៍ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ដូចមានកំណត់ក្នុងបទប្បញ្ញត្តិច្បាប់ជាតិជាធរមាន ស្របតាមអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័នជូនមន្រ្តីអនុវត្តច្បាប់

៣៖ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់របស់មន្ត្រីនគរបាល ដើម្បីធានាថាសេរីភាពអង្គការវិជ្ជាជីវៈ និងសេរីភាពក្នុងការបញ្ចេញមតិ តាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី ត្រូវបានអនុវត្តក្នុងបរិយាកាសដែលមិនមានការគំរាមកំហែង និងហិង្សា។

លោក សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ ដែលអញ្ជើញជាអធិបតីនាឱកាសនោះ បានលើកឡើងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញចែងថា «សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់»។

នៅក្នុងការអនុវត្តជាក់ស្តែង យើងសង្កេតឃើញថា កូដកម្មច្រើនតែកើតឡើងបន្ទាប់ពីកម្មករនិយោជិត និងនិយោជកមិនអាចស្វែងរកដំណោះស្រាយទៅលើវិវាទការងាររួម ដែលកើតមានឡើងនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ហើយក្នុងករណីខ្លះកូដកម្មមួយចំនួនបានប្រែក្លាយទៅជាកូដកម្មខុសច្បាប់ ឬបាតុកម្មហិង្សា ដែលចាំបាច់ទាមទារឱ្យមានការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីនគរបាលយុត្តិធម៌។

លោកអនុរដ្ឋលេខាធិការបានបន្តទៀតថា លក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព។

ក្នុងន័យនេះ ក្រសួងការងារបានកែទម្រង់នូវប្រព័ន្ធអធិការកិច្ចការងារ ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ធ្វើឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាពប្រសើរឡើង។

ជាក់ស្តែង តាមរយៈការអនុវត្តច្បាប់ស្តីពីសហជីព ចំនួនអង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជីនៅក្រសួងការងារមានចំនួនសរុប ៥,១១៧ គិតត្រឹមខែសីហា ឆ្នាំ២០១៩ ក្នុងនោះសហជីពមូលដ្ឋានចំនួន ៤,៨៧៣ សហព័ន្ធសហជីពចំនួន ២០២ សហភាពសហជីពចំនួន ៣១ និងសមាគមនិយោជកចំនួន ១១។

បន្ថែមពីលើនេះ ការដោះស្រាយវិវាទការងារក៏ទទួលបានប្រសិទ្ធភាព ដោយចំនួនវិវាទការងាររួមមានការថយចុះ ខណៈដែលចំនួនកូដកម្មក៏មានការថយចុះផងដែរ។

គួរកត់សម្គាល់ថា ការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានលទ្ធផលសះជា ក្នុងអត្រា ៧០%។

ក្នុងឆ្នាំ២០១៨ កូដកម្មមានចំនួន ៤៧ករណី ថយចុះ ៥០ករណី បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៩ មានកូដកម្មចំនួន ៣៥ករណី គិតត្រឹមដំណាច់ខែសីហា៕

ដកស្រង់ពី៖ Fresh News