បណ្តាញសង្គម

ប្រមុខរដ្ឋស្តីទីចង់ឱ្យកម្ពុជា-អាល្លឺម៉ង់ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរ ក្នុងអាណត្តិឯកអគ្គរដ្ឋទូតថ្មី

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីប្រទេសកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញគោលបំណងចង់ឱ្យកម្ពុជា-អាល្លឺម៉ង់ខិតខំពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ព្រមទាំងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងអាណត្តិការងាររបស់ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ប្រចាំកម្ពុជា។

ការលើកឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលប្រមុខរដ្ឋស្តីទីកម្ពុជា ទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានព្រឹទ្ធសភា។

លោក Christian Berger បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា លោកធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ១៩៩១ ដែលពេលនោះប្រទេសកម្ពុជានៅជួបបញ្ហាលំបាកជាច្រើន ហើយប្រៀបដូចជាកូនដើមឈើមួយដើមដែលកំពុងប្រឹងរស់។ តែក្រោយរយៈពេល២០ឆ្នាំ កន្លងទៅ និងនៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ អាល្លឺម៉ង-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសអាល្លឺម៉ង់ចង់ជួយឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀត។

ទន្ទឹមនេះ លោកក៏នឹងខិតខំជួយជំរុញឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ជាមួយនឹងសហគន៍អឺរ៉ុបឱ្យកាន់តែប្រសើឡើងដែរ។

ក្នុងន័យនេះ លោកនឹងខិតខំប្រឹងប្រែងជួយដោះស្រាយរាល់បញ្ហា ដែលអាចកើតមានរវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុបឱ្យបានល្អផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោកនឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីនាំមកនូវប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិរបស់កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ដកស្រង់ពី៖ Fresh News