បណ្តាញសង្គម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងកម្លាំងប្រដាប់អាវុធ មិនមែនជាឧបករណ៍បម្រើមហិច្ឆតារបស់អ្នកនយោបាយណាដែលមិនគោរពព្រះមហាក្សត្រ និងមិនគោរពរដ្ឋធម្មនុញ្ញនោះទេ

(ក្រុងតាខ្មៅ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា គ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកម្លាំងប្រដាប់អាវុធគឺជាទង្វើខុសច្បាប់ មិនថាប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ ហើយកងកម្លាំងប្រដាប់អាវុធ មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នកនយោបាយណាដែល មិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នោះទេ។

ការថ្លែងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ របស់បញ្ជាការដ្ឋានអង្គរក្ស និងខួបអនុស្សាវរីយ៍លើកទី១០ ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។

មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅសំខាន់២ នៃគោលនយោបាយការពារជាតិរបស់យើង គឺការធ្វើឲ្យមានសន្តិភាពឋិតថេរយូរអង្វែង និងការកសាងអាកាសសម្រាប់កម្ពុជា។

សន្តិភាពស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាននៅក្នុងពេលបច្ចុប្បន្ន កំពុងក្តាប់ឱកាសដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរៈភូមិន្ទ។

ដូច្នេះកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារសំខាន់បំផុតដែលកងយោធពលខេមរភូមិន្ទ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងទទួលខុសត្រូវដើម្បីធានាបានទាំងស្រុង នូវសុខសន្តិភាពស្ថិរភាពសន្តិសុខស្ថិតស្ថេរយុវវ័យកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ និងបន្តលើកកម្ពស់កិច្ចសហប្រជាជាតិឱ្យបានកាន់តែទូលំទូលាយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា អ្នកដែលមានគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាពគឺតែងតែញុះញង់ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមដើម្បីផ្ដួលរំលំរដ្ឋាភិបាល។

ប៉ុន្តែនៅគ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល កម្លាំងប្រដាប់អាវុធគឺជាការខុសច្បាប់ មិនថាប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ។

គ្មានអ្វីដែលនាំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិយើង តាមរយៈការវាយប្រហារគ្នានោះទេ។ មិនចាំបាច់មើលដល់៤០ឆ្នាំមុនទេ មើលតែប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាសព្វថ្ងៃ តើមានប្រទេសណាមួយដែលមានសេចក្តីសុខ? ចំពោះយុវជនជំនាន់ក្រោយ អ្នកដែលមិនបានឆ្លងកាត់សង្គ្រាមត្រូវចាំថា គោលដៅធំបំផុតរបស់យើងត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាពដើម្បីប្រជាពលរដ្ឋ និងកូនចៅយើងគ្រប់ជំនាន់តទៅទៀត។

សូមកុំឲ្យសុខសន្តិភាពបាត់បង់ ហើយកុំចង់សាកនៅពេលដែលវាបាត់បង់។ ប៉ុន្តែមានអ្នកនយោបាយខ្លះ នៅតែចង់បំផ្លាញសុខសន្តិភាព ដោយញុះញង់ បំផុសបំផុលកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលធ្វើឲ្យប្រទេសខ្ទេចខ្ទាំ ប្រជាជនលំបាកវេទនាដើម្បី មហិច្ឆតានយោបាយរបស់ខ្លួន។

ដូច្នេះកងកម្លាំងប្រដាប់អាវុធត្រូវតែច្បាស់លាស់ដាច់ខាត មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នកនយោបាយណាដែលមិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ ដែលបោះឆ្នោតមិនឈ្នះហើយទៅបបួលគេធ្វើរដ្ឋប្រហារ។

ដូច្នេះកុំឲ្យមានប្រវត្តិសាស្ត្រដូចអតីតកាល។ នេះបើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ និស្សិតដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point រូបនេះបានបន្តអះអាងថា ការនិយាយស្ដីរបស់មេដឹកនាំម្នាក់ដោយគ្មានការ ទទួលខុសត្រូវ ហើយចង់មកដឹកនាំប្រទេស ដោយបបួលគេធ្វើរដ្ឋប្រហារបំផ្លាញជាតិ ដើរវាយប្រហារការឆ្កឹះឆ្កៀលញុះញង់គ្រប់បែបយ៉ាង ក្នុងគោលបំណងបំផ្លាញសុខសន្តិភាព ស្ថេរភាពនៅក្នុងប្រទេស។

ដូច្នេះអ្វីដែលសំខាន់សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ ពិនិត្យមើលឱ្យច្បាស់ ប្រកាន់ជំហរឲ្យនឹងនរច្បាស់លាស់ ដើម្បីការពារថ្នាក់ដឹកនាំ ដើម្បីឲ្យថ្នាក់ដឹកនាំដោះស្រាយការងារធំៗ យកសន្តិសុខ សន្តិភាពជូនជាតិ និងប្រជាជន។

ការឆ្លងកាត់និងការលះបង់របស់អ្នកថ្នាក់ដឹកនាំមានគ្រោះថ្នាក់ច្រើនណាស់ដើម្បីឲ្យបានអ្វីៗ មកដល់សព្វថ្ងៃនេះ។

យើងត្រូវដាច់ខាតបន្តស្នាដៃ បន្តកសាងសមិទ្ធផលជូនជាតិមាតុភូមិបន្តទៀត ព្រោះថាកងទ័ពភ្ជាប់និស្ស័យជាមួយនឹងប្រជាជន កងទ័ពជារបស់ប្រជាជន ជាកូនចៅប្រជាជន បំរើប្រជាជន។

នេះគឺជាអ្វីដែលសំខាន់ដែលត្រូវធ្វើភាពស្មោះត្រង់ដាច់ខាត៕

ដកស្រង់ពី៖Fresh News