បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី អៀង មូលី ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (អ.ជ.ប.ជ.អ) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ។

ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិគឺជារចនាសម្ព័ន្ធថ្នាក់បច្ចេកទេស របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានសមាជិកសមាជិកាថ្នាក់បច្ចេកទេសរបស់ខ្លួន ជាតំណាងពីស្ថាប័ន ឬ អង្គភាពរបស់រាជរដ្ឋាភិបាល ស្ថាប័ននិតិប្រតិបត្តិ តំណាងក្រុមប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ និងរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។

ក្រុមប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ មានមុខងារផ្តល់ការចូលរួមកំរិតបច្ចេកទេស រៀបចំគោលនយោបាយជាតិប្រយុទ្ធនឹងជំងឺអេដស៍ជូន អ.ជ.ប.ជ.អ រៀបចំយុទ្ធសាស្ត្រសម្រាប់ អនុវត្តគោលនយោបាយជាតិប្រយុទ្ធនឹងជំងឺអេដស៍ជូន អ.ជ.ប.ជ.អ រៀបចំផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ជួយណែនាំការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្លើយតបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការនៃស្ថានភាពមេរោគ អេដស៍ ជំងឺអេដស៍ អនុវត្តភារកិច្ចផ្សេងៗទៀត ដែល អ.ជ.ប.ជ.អ ប្រគល់ជូន ដើម្បីឆ្លើយតបក្នុងការប្រយុទ្ធ នឹងការកាត់បន្ថយការរីករាលដាលនៃមេរោគអេដស៍ និងចូលរួមចំណែកលើកកំពស់ ការផ្តល់សេវាថែទាំព្យាបាលជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ មេរោគអេដស៍ ដើម្បីអ្នកជំងឺអាចទទួលការព្យាបាល កាន់តែជាប់លាប់មានប្រសិទ្ធភាព កាត់បន្ថយបរិមាណមេរោគអេដស៍ នៅក្នុងឈាម ការពារកុំឲ្យមានភាពស៊ាំទៅនឹងថ្នាំ ប្រឆាំងមេរោគអេដស៍ ដែលអ្នកជំងឺត្រូវព្យាបាលពេញក្នុងមួយជីវិត។

ក្នុងនាមប្រធានស្ថាប័នជាតិសម្របសម្រួល ពហុវិស័យប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី បានថ្លែងការ កោតសរសើរចំពោះសមាជិកសមាជិការ នៃក្រុមប្រឹក្សាបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានចូលរួមចំណែក ផ្តល់គំនិតយោបល់ និងអនុវត្តគោលនយោបាយផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពនៅក្នុងវិស័យនៃផ្នែករៀងៗខ្លួន ព្រោះថា ការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវការការចូលរួមទទួលខុសត្រូវ របស់សាម៉ីបុគ្គល ក្រុមគ្រួសារ សហគមន៍ ស្ថាប័ន និងវិស័យទាំងអស់។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនដល់លោក តែង គន្ធី អគ្គលេខាធិការ ដែលលោកបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ដឹកនាំសម្របសម្រួលក្រុមប្រឹក្សាបច្ចេកទេស ក្នុងតំណែងជាអគ្គលេខាធិការ រហូតពេលលោកត្រូវចូលនិវត្តន៍។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត លោកអគ្គលេខាធិការ ឈឹម ឃិនដារ៉េត ដែលទើបបានត្រូវតែងតាំងថ្មី ដឹកនាំសម្របសម្រួលក្រុមប្រឹក្សាបច្ចេកទេសតាមលំអានល្អៗ និងវិធីសាស្រ្តថ្មីៗក្នុងនាមជា សេនាធិកាបច្ចេកទេសរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕

ដកស្រង់ពី៖ Fresh News