បណ្តាញសង្គម

គណៈកម្មការមូលបត្រកម្ពុជា ចូលរួមកិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការទីផ្សារមូលធន ក្នុងតំបន់ទន្លេមេគង្គលើកទី១០ និងវេទិកាទីផ្សារមូលធនអាស៊ាន លើកទី៣១ នៅថៃ

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា អមដោយលោកបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ និងលោក ម៉ុក រ៉ាឌី អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិ នៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកិច្ចសហប្រតិបត្តិការទីផ្សារមូលធនក្នុងតំបន់ទន្លេមេគង្គលើកទី១០ (10th Mekong Capital Markets Cooperation Meeting-MCMC) និងវេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Markets Forum-ACMF) លើកទី៣១ នៅទីក្រុងភូកេត ប្រទេសថៃ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងបន្ថែមសម្រាប់ការពង្រឹងតួនាទី របស់ទីផ្សារមូលបត្រ ក្នុងការរួមចំណែកដល់ការអភិឌ្ឍក្រុមហ៊ុន និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំ MCMC លើកទី១០នេះ បានរៀបចំឡើងក្នុងគោលបំណងចែករំលែកពី បច្ចុប្បន្នភាពបទប្បញ្ញត្តិថ្មីៗ និងផលិតផលមូលបត្រថ្មីៗ, បញ្ហាប្រឈមក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ, ពិភាក្សាពីគម្រោងរៀបចំកម្មវិធីកសាងសមត្ថភាពដល់មន្ត្រី, បន្តកិច្ចពិភាក្សាពីកិច្ចសហការក្នុងក្របខណ្ឌបច្ចេកទេស, ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍទីផ្សារមូលបត្រ ដើម្បីឲ្យប្រទេសសមាជិកទាំងអស់ទទួលបាននូវវឌ្ឍនភាពទីផ្សារមូលបត្រប្រកបដោយចីរភាព និងប្រសិទ្ធភាពខ្ពស់។

ដោយឡែក កិច្ចប្រជុំ ACMF លើកទី៣១ រៀបចំឡើងដើម្បីបន្តតាមដានសកម្មភាពការងារក្នុងក្របខណ្ឌ ACMF ដែលមានប្រទេសអាស៊ានទាំង១០ជាសមាជិក ដោយផ្តោតសំខាន់ទៅលើដូចជា៖

១៖ ហិរញ្ញប្បទានបៃតង (Green Finance) វឌ្ឍនភាពការងារជុំវិញ និងផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាពទីផ្សារមូលធនអាស៊ាន

២៖ ខ្នាតពិន្ទុអភិបាលកិច្ចសាជីវកម្ម (ASEAN CG Scorecard) វឌ្ឍនភាពនៃការវាយតម្លៃខ្នាតពិន្ទុអភិបាលកិច្ចសាជីវកម្មលើកទី៦

៣៖ ក្របខណ្ឌចល័តភាពអ្នកជំនាញវិជ្ជាជីវៈ (Professional Mobility Framework) ការធ្វើបច្ចុប្បន្នកម្មលើការឆ្លងដែនក្នុងក្របខណ្ឌ ACMF (ACMF Pass) និងផ្សព្វផ្សាយឆ្លងដែននូវរបាយការណ៍ស្រាវជ្រាវ

៤៖ ក្របខណ្ឌគម្រោងវិនិយោគរួមអាស៊ាន (ASEAN CIS Framework) ការធ្វើបច្ចុប្បន្នកម្មជុំវិញការចូលរបស់គណៈកម្មការមូលបត្រហ្វីលីពីនជាហត្ថលេខីនៃអនុស្សរណៈយោគយល់គ្នារបស់គម្រោងវិនិយោគរួមអាស៊ាន

៥៖ បណ្តាញត្រួតពិនិត្យលើទ្រព្យឌីជីថល (Digital Asset) វឌ្ឍនភាពនៃផែនការបណ្តាញត្រួតពិនិត្យទ្រព្យឌីជីថលក្នុងក្របខណ្ឌអាស៊ាន

៦៖ ការធ្វើបច្ចុប្បន្នកម្មពីកិច្ចប្រជុំរួមរវាង ACMF និងគណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ជាដើមផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការចូលរួមចែករំលែកបទពិសោធន៍ដោយអ្នកជំនាញធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ព្រមទាំងករណីសិក្សារបស់ប្រទេសក្នុងតំបន់ ដើម្បីនិយ័តករមូលបត្រអាស៊ានអាចប្រើជាធាតុចូលបន្ថែមសម្រាប់ការពង្រឹងតួនាទីរបស់ទីផ្សារមូលបត្រក្នុងការរួមចំណែកដល់ការអភិឌ្ឍក្រុមហ៊ុន និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕

ដកស្រង់ពី៖ Fresh News