Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង ធ្វើឱ្យទំហំពាណិជ្ជកម្មកើនជាបន្តបន្ទាប់

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ១៩៩៧មកនោះ។

លោករដ្ឋមន្ត្រី បានមើលឃើញថា ទំនាក់ទំនងដ៏ប្រសើររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាបន្តបន្ទាប់។

ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងឱកាសដែលរូបលោកអញ្ជើញចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឡើងនៅរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានថ្លែងសេចក្ដីកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ លើភាពជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការជម្នះឧបសគ្គជាច្រើន ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៅក្នុងប្រទេស និងលើកកម្ពស់កិត្តិនាមរបស់ប្រទេសកូរ៉េលើថ្នាលអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបន្តកត់សម្គាល់ថា ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខុមាលភាពសង្គម សាធារណរដ្ឋកូរ៉េ បានប្រែក្លាយខ្លួនទៅជាមេដឹកនាំឧស្សាហកម្មពិភពលោកមួយ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងតំបន់ ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ។

ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ លោករដ្ឋមន្ត្រី បានសម្ដែងការពេញចិត្តចំពោះការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យផ្សេងៗ រវាងប្រទេសយើងទាំងពីរ ចាប់តាំងពីពេលយើងចាប់ផ្តើមទំនាក់ទំនងការទូតជាថ្មីក្នុងឆ្នាំ១៩៩៧។ សាធារណរដ្ឋកូរ៉េ បានជួយដល់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងពីប្រមាណ ៦០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ដល់ជាង ៧០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ និងប្រហែល ៤៥០លានដុល្លារអាមេរិកនៅឆមាសទី១ នៃឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Moon Jae-in មកកាន់ប្រទេសកម្ពុជា កាលពីខែមីនាកន្លងទៅ និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េនាពេលខាងមុខ សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅខែវិច្ឆិកា។

លោករដ្ឋមន្ត្រីបានមើលឃើញថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសកម្ពុជា និងកូរ៉េ៕

ដកស្រង់ពី៖ Fresh News